ភ្នំពេញ ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ធ្ងរ និងរថយន្តចំនួន៥គ្រឿង រួមនឹងម៉ូតូ១គ្រឿងផងដែរ បានរងការខូចខាត ព្រោះជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងពីគ្នាក្នុង៣ករណីនៅមូលដ្ឋានខណ្ឌដូនពេញដោយគ្រាន់តែ១យប់តែប៉ុណ្ណោះ។
សមត្ថកិច្ចផ្នែកជំនាញវាស់វែងនៃអធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ករណីគ្រោះថ្នាក់លើកទី១ បានកើតឡើងនៅវេលាម៉ោង២៣និង២៣នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវប្រសព្វ លេខ១១៤កែង៥៣សង្កាត់ផ្សារថ្មីទី០១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ ករណីនេះ បង្កឡើងរវាងរថយន្ដម៉ាក ស្តារិច ពាក់ស្លាកលេខ ភ្នំពេញ2AY.3561 និងរថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ2AU.5059 បណ្ដាលអោយរថយន្តទាំងពីររងការខូចខាតស្រាល។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រគល់អោយនគរបាលចរាចរណ៍ក្រុងវាស់វែង យករថយន្តទាំង០២គ្រឿងទៅរក្សាទុកនៅការិយាល័យ ដើម្បីចាត់ការបន្ត។
ករណីគ្រោះថ្នាក់លើកទី២បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នៅចំណុចផ្លូវប្រសព្វលេខ២១៤កែងផ្លូវ៥១សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ករណីនេះ បង្កឡើងរវាងរថយន្ដ ម៉ាកហុងដាCRV ពាក់ស្លាកលេខ ភ្នំពេញ2D1929និងរថយន្ដម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ2AK6896 បណ្ដាលអោយអ្នកបើករថយន្ដ កាមរីបាឡែនរបួសធ្ងន់ម្នាក់ ភេទប្រុស បានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន។ ចំណែករថយន្តទាំង២គ្រឿងត្រូវរងកាខូចខាតធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រគល់អោយនគរបាលចរាចរណ៍ក្រុងវាស់វែងយករថយន្ដទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យដើម្បីចាត់ការបន្ត។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់លើកទី៣បានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ខែមករាឆ្នាំ២០១៩នៅចំណុចមុខផ្ទះលេខ២៧៧Eo ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ បង្កឡើងឡើងរវាងរថយន្ដដឹកសំរាម និងម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង1D 3167 បណ្ដាលអោយអ្នកបើកម៉ូតូរបួសធ្ងន់ម្នាក់ភេទប្រុសសម្រាកព្យាបាលនៅគ្លីនិក ហុងហាក់ តែម៉ូតូខូចស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រគល់អោយនគរបាលចរាចរណ៍ក្រុងវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកនៅការិយាល័យដើម្បីចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments