Ad Code

ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC ចំនួន​៣​ខ្សែ​ ប្រវែង​១.៧០០​ម៉ែត្រ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ​បាន​បញ្ចប់​គម្រោង​សាងសង់​ហើយ



កំពង់ឆ្នាំង ​៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មករា ​ឆ្នាំ​២០១៩ ​បាន​បញ្ជាក់​ថា ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ​AC ចំនួន​៣​ខ្សែ ប្រវែង​១៧២១​ម៉ែត្រ ដែល​បាន​កសាង​នៅ​ចំណុច​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង គឺ​បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​បញ្ចប់​ការសាងសង់។

លោក​ កែវ ពៅ បាន​បន្ត​ថា​ ផ្លូវ​ចំនួន​៣​ខ្សែ ដែល​មាន​ប្រវែង​១៧២១​ម៉ែត្រ​នេះ ចែកចេញជា​៣​កំណាត់​មាន​ផ្លូវ​លេខ​៥០, ផ្លូវ​លេខ​៥២ និង​ផ្លូវ​លេខ​៥៤ , ដែល​ផ្លូវ​ទាំង​៣​ខ្សែ​នេះ ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC មាន​កម្រាស់​៥​ហ៊ុន ទទឹង​ពី​៥ ទៅ​៦​ម៉ែត្រ តាម​ស្ថានភាព​ជាក់ស្ដែង​។ ផ្លូវ​ខាងលើ​ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង។

ការ​កសាង​ផ្លូវ​ទាំង​៣​ខ្សែ​នេះ គឺ​ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ទូលំ​ទូ​លាយ​ជាង​មុន និង​អាច​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​បាន​។

ចំពោះ​ការ​បញ្ចប់​គម្រោង​កសាង​ផ្លូវ​ខាងលើនេះ ក្នុងនាម លោក ជា​ សា​ម៉ី​មន្ទីរ​ សំណូមពរ​ប្រជាពល​រដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ បើ​ចង់​ចាក់សាប​ភ្ជាប់​ផ្លូវ ចូល​ទៅ​កាន់​លំនៅឋាន សូម​អនុវត្ត​តាម ការ​ណែនាំ​ដូចខាងក្រោម​នេះ ៖
ទី​១-ការ​ចាក់សាប​មុខផ្ទះ ចូលទៅ​កាន់​លំនៅដ្ឋាន ត្រូវធ្វើ​ឲ្យ​ទាប ជាង​ផ្លូវ
ទី​២-សូម​ទុក​ប្រឡោះ​ឲ្យ​ទឹក​ហូរ​ធ្លាក់​ចុះទៅ​ក្រោម​ផ្ទះ ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចៀស​បាន​ការ​ហូរ​ច្រោះ​បាក់​ដី ផ្លូវ
​ទី​៣-សូម កុំ​ចាក់សាប រំលោភ​ចូល​លើ​ផ្លូវ​កៅស៊ូ​ជាដាច់ខាត ដែល​ធ្វើឲ្យ​ផ្លូវ​រួម​តូច។ បើ​ធ្វើបែបនេះ​បាន ធ្វើ​នឹង​ឲ្យ​ផ្លូវ និង​មុខ​ផ្ទះ​របស់​បងប្អូន​ធំ​ទូលាយ មាន​សោភ័ណភាព គ្មាន​ធូលី​ដី​នៅមុខ​ផ្ទះ ហើយ ផ្លូវ​នឹងមាន​គុណភាព​បាន​ប្រើប្រាស់​យូរ​អង្វែង។

ទន្ទឹមគ្នា​នេះ​ដែរ លោក​សំណូមពរ​ដល់​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​ ដែល​មាន​ទម្ងន់​ធ្ងន់​លើស​ចំណុះ សូម​កុំ​បើកបរ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​នេះ ដែល​នាំ​ឲ្យ​ឆាប់​ខូច ហើយ​បើ​យើង​អនុវត្ត​តាម​ការណែនាំ​ខាង​លើ​នេះ​បាន ផ្លូវ​មួយ​ខ្សែ​នេះ​ នឹងមាន​អាយុ​ចាប់ពី​៧ ទៅ ១០ ឆ្នាំ។

អាជ្ញាធរ​សង្កាត់​ផ្សារ​ឆ្នាំ​បានឲ្យ​ដឹងថា កំណាត់​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC ទាំង​៣​ខ្សែ គឺ​មាន​តែមួយ​ខ្សែ​ប៉ុណ្ណោះ ដែលមាន​ផល​ប៉ះពាល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ ដែល​រស់នៅ​សងខាង​ផ្លូវ ឲ្យ​ពួកគាត់​មិនសូវ​សប្បាយចិត្ត ដោយសារ​ធ្វើ​ប៉ះពាល់​ផ្ទះ​ពួកគាត់។ ប៉ុន្តែ​នៅពេល​ផ្លូវ​បាន​សាងសង់​រួចរាល់​ស្អាតបាត​នៅ​ចំ​មុខផ្ទះ​របស់គាត់ ពួកគាត់​បាន​រីករាយ​សប្បាយចិត្ត​គ្រប់ៗ​គ្នា ព្រោះ​មាន​ផ្លូវ​កៅស៊ូ​ស្អាត កាត់បន្ថយ​បាន​ដី​ហ៊ុយ មិន​ប៉ះពាល់​ដល់​សុខភាព ស្រួល​ធ្វើដំណើរ ទឹក​លែង​លិច និង​ក៏​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ផងដែរ៕

​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu