ប្រដាល់ ៖ ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកCarabao ទម្ងន់៥៧គីឡូក្រាម នៅសង្វៀនទូរទស្សន៍SEATV នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ជាការប្រកួតសប្ដាហ៍ទី៤ ជុំទី២ រវាងអ្នកប្រដាល់កម្ពុជាលាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធ ខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់ថៃ Banda Sak ហើយអ្នកប្រដាល់កម្ពុជាតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួង ការពារជាតិ ជួបអ្នកប្រដាល់ថៃ Dek Doeur។
លាភ រដ្ឋា និង Banda Sak ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។ តែយ៉ាងណា Banda Sak គេមានតែម និងប្រៀបជាង លាភ រដ្ឋា ត្រង់គេខ្ពស់ជាងបន្តិចគឺ១,៦៦ម៉ែត្រ ខណៈដែល រដ្ឋា គេ១,៦៤ម៉ែត្រនោះ។ ចំពោះសមត្ថភាពវិញ គឺប្រហាក់ប្រហែលគ្នាទេ ប៉ុន្តែលាភ រដ្ឋា ចាញ់កម្ពស់នោះ គឺជារឿងដែលលំបាកសម្រាប់គេ។
Banda Sak គេមានកំណត់ត្រាប្រកួតចំនួនតែ៥៨លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ៥០លើក និង ចាញ់១៤លើក មិនដែលស្មើ។ ចំណែក លាភ រដ្ឋា គេមានកំណត់ត្រាប្រកួត៥៤លើក ឈ្នះ៤០លើក ចាញ់១២លើក និងស្មើ០២លើក។
លាភ រដ្ឋា គេប្រកួតជុំទី១(១៩មករា២០១៩) គេវាយឈ្នះDek Doeur ក្នុងទឹកទី១ ដែលធ្វើឲ្យគេបាន៣ពិន្ទុហើយ សម្រាប់ការប្រកួតជម្រុះនេះ។ ចំណែកការប្រកួតជុំទី១ របស់ Banda Sak (១៩មករា២០១៩) គឺ ចាញ់តាញ់ មករា ដោយពិន្ទុ បាន១ពិន្ទុ។
ទោះជាយ៉ាងណាក្តី សម្រាប់ការជួបគ្នានេះ ពុំអាចសន្និដ្ឋានមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ហើយពីរនាក់នេះ ក៏មិនអាចអ្នកណាមើលស្រាលអ្នកណាបានដែរ។
ចំពោះការជួបគ្នារវាងតាញ់ មករា និង Dek Doeur វិញ ប្រហែលជាមិនពិបាកទស្សន៍ទាយប៉ុន្មានទេ ព្រោះ Dek Doeurនេះ មិនជាខ្លាំងនោះទេ ដែលកាលពីជុំទី១ អ្នកប្រដាល់ថៃរូបនេះ ត្រូវ លាភ រដ្ឋា វាយអោយសន្លប់ ក្នុងទឹកទី១ប៉ុណ្ណោះ។ ដូច្នេះ តាញ់ មករា គេប្រហែលជាអាចយកឈ្នះ Dek Doeur នេះបានដោយផុយ សម្រាប់ជំនួបជុំទី២នេះ។
តាញ់ មករា កាលពីប្រកួតជុំទី១(១៩មករា២០១៩) គេវាយឈ្នះ Banda Sak ដោយពិន្ទុ ទទួលបាន៣ពិន្ទុហើយ ហើយ Dek Doeurវិញ គេបាន១ពិន្ទុ ព្រោះជុំទី១ គេវាយចាញ់លាភ រដ្ឋានោះ។
អ្នកប្រដាល់វ័យក្មេង តាញ់ មករា គេមានប្រវត្តិប្រកួត៥៨លើក ឈ្នះ៥០លើក ចាញ់០៥លើក និង ស្មើ០១លើក។ ឯ Dek Doeur គេមានប្រវត្តិប្រកួតចំនួន៥៥លើក ឈ្នះ៤៨លើក ចាញ់០៧លើក និងមិនដែលស្មើ។ យ៉ាងណាសម្រាប់ការប្រកួតជុំទី២នេះ គេរំពឹងថា តាញ មករា នឹងរកបាន៣ពិន្ទុបន្ថែមមិនខាន ក្នុងការជួបDek Doeur នេះ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៨ទម្ងន់៥៧គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានសេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ(ជំនួសម៉នសាម៉េត) , វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា , លាភ រដ្ឋា ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងតាញ់ មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ឯ អ្នកប្រដាល់ថៃ៤នាក់វិញ មាន Deuk Ken , Yorth Vandy , Dek Doeur និង Banda Sak។
ចំពោះការប្រកួតវិញ គឺធ្វើតាមរូបមន្តវិលជុំជម្រុះដោយគិតពិន្ទុ ដែលមានបីដំណាក់កាល។ ដំណាក់ទី១ អ្នកប្រដាល់ទាំង៨នាក់នោះ ចែកជាពូលខ្មែរ និងពូលបរទេស ដែលមាន៤នាក់មួយពូល។ អ្នកប្រដាល់ខ្មែរទាំង៤នាក់ ត្រូវប្រកួតវិលជុំជាមួយពូលអ្នកប្រដាល់ថៃ ដោយជម្រុះចោលទុកតែ២នាក់ សម្រាប់ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់ និងប្រាក់រង្វាន់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនេះ គឺខ្មែរមិនប៉ះខ្មែរគ្នាឯងទេ ឯអ្នកប្រដាល់បរទេស ក៏មិនប៉ះគ្នាដែរក្នុងវគ្គជម្រុះនោះ។ មិនមានវគ្គវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ អ្នកចាញ់ក្នុងជុំជម្រុះចប់ការប្រកួតតែម្ដង ហើយ ក៏ពុំមានចំណាត់ថ្នាក់លេខ៣ លេខ៤នោះដែរ៕
Source: Kampuchea Thmey Daily
0 Comments