Ad Code

បុរស​ម្នាក់ ​ឡើង​ទៅ​ជាន់​ទី​៤ នៃ​អគារ​ផ្សារ​ទំនើប AEON ទី​១ លោត​សម្លាប់​ខ្លួន ស្លាប់​មួយ​រំពេច​



ភ្នំពេញ ៖ បុរស​ម្នាក់​ បាន​ឡើង​ទៅ​ជាន់​ទី​៤ នៃ​អគារ​ផ្សារ​ទំនើប AEON ទី​១ ហើយ​លោត​មក​ក្រោម​បោក​ក្បាល​សម្លាប់​ខ្លួន​ស្លាប់​មួយ​រំពេច ប៉ុន្តែ​គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ ​មាន​បញ្ហា ឬ វិបត្តិ​អ្វី​នោះ​ទេ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃអាទិត្យ ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ផ្លូវ​ព្រះ​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

​សព​បុរស​ខាងលើ នៅ​មិនទាន់មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ អាយុ​ប្រហែល​២០​ឆ្នាំ​ជាង ។​ ជនរងគ្រោះ​ភិនភាគ​ស្លៀកពាក់​ខោខ្លី ពណ៌​ខៀវ​ អាវយឺត​ដៃ​ខ្លី​ ពណ៌​ខៀវ និង​មិនមែន​ជា​បុគ្គលិក​ផ្សារ​ទំនើប AEON នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ដើរ​មកពី​ខាងក្រៅ ឡើង​ទៅលើ​ជាន់​ទី​៤ លោត​សម្លាប់​ខ្លួន​តែម្ដង។​

តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ គេ​បាន​ឃើញ​បុរស​ម្នាក់​ធ្លាក់​ពីលើ​ផ្សារ​ទំនើប ជាន់​ទី​៤ ចុះក្រោម​បោក​ក្បាល​រហូត​ដេក​ស្ដូកស្ដឹង និង​មាន​ឈាម​ហូរ​ចេញពី​ក្បាល​ស្លាប់​ភ្លាមៗ មួយ​រំពេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សន្តិសុខ​ផ្សារ​ទំនើប AEON និង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​បានដឹង​ផងដែរ​។​

​បច្ចុប្បន្ន​ សព​ កំពុង​រង់ចាំ​ខាង​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ រួច​រង់ចាំ​ស្វែងរក​បងប្អូន ឬ សាច់ញាតិ ក្រុម​គ្រួសារ មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

ជាមួយ​នោះ​ផងដែរ សមត្ថកិច្ច​បាន និង​កំពុង​អំពាវនាវ ដល់​បងប្អូន​ណា​ដែល​បាត់​សមាជិក​គ្រួសារ ដូច​ភិនភាគ​បាន​រៀបរាប់​ខាងលើ មេត្តា​ទៅទាក់ទង​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ឬ​សមត្ថកិច្ច​ខណ្ឌ​ចំការមន នឹង​ដឹង​ព័ត៌មាន​ពី​អ្នក​ស្លាប់​ហើយ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu