Ad Code

លោក​​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចូលរួម​ការប្រកួត​កីឡា​កងទ័ព​ នៅ​សាលា​នាយទាហាន​សកម្ម ត្មាត​ពង​



​កំពង់ស្ពឺ​ ៖ ការប្រកួត​កីឡា​កងទ័ព​ឆ្នាំ​ប្រចាំឆ្នាំ​២០១៩​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលា​នាយ​ទាហាន​សកម្ម (​ត្មាត​ពង​) ក្រោម​ការយកចិត្ត​ទុក​ដាក់​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​គោលបំណង ដើម្បី​ឲ្យ​មហាជន យុវជន បាន​ស្វែង​យល់ដឹង​ពី​កងទ័ព ចូលរួម​ការពារ​ជាតិ​មាតុភូមិ និង​រឹតចំណង​សាមគ្គីភាព រវាង​កងទ័ព ​និង​កងទ័ព កងទ័ព​ជាមួយនឹង​ប្រជាជន ជាពិសេស​ដើម្បី​អបអរសាទរ និង​រំលឹក​គុណ​ដល់​ថ្ងៃ​ជ័យជំនះ ៧​មករា ខួប​លើក​ទី​៤០​។​

ថ្លែង​នៅក្នុង​ឱកាស​បិទ​ការប្រកួត​នោះ លោក​​ឧត្ដមសេនីយ៍​ឯក ប៊ុត សុភាព នាយក​សាលា​នាយ​ទាហាន​សកម្ម ប្រធាន​គណៈកម្មការ​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​លើកឡើងថា ការប្រកួត​កីឡា​នេះ មិនមែន​ទើបតែ​រៀបចំ​លើក​ទី​១​នោះទេ គឺ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​១៩៩៧​មកម្ល៉េះ​។

ក្រសួងការពារជាតិ បានរៀបចំ​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា របស់​កងយោធពល​ខេមរភូមិន្ទ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​មហាជន យុវជន បាន​ស្វែង​យល់ដឹង​ពី​កងទ័ព ចូលរួម​ការពារជាតិ​មាតុភូមិ និង​រឹតចំណង​សាមគ្គីភាព រវាង​កម្លាំងប្រដាប់អាវុធ​ជាមួយ​ប្រជាជន ហើយ​នៅ​ឆ្នាំនេះ ដើម្បី​ចូលរួម​អបអរសាទរ​និង​រំលឹក​គុណ​ដល់​ថ្ងៃ​ជ័យ​ជម្នះ ៧​មករា ខួប​លើក​ទី​៤០​។

ជាមួយគ្នា​នោះ លោក​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កីឡាករ កីឡារិនី ដែល​ខិតខំ​ពុះពារ​ប្រកួត​នៅ​គ្រប់​វិញ្ញាសា និង​ទទួលជោគជ័យ ប្រកបដោយ​មិត្តភាព សាមគ្គីភាព និង​សុខភាព​។ លោក​បន្តថា ការពារជាតិ ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ ដើម្បី​ការពារជាតិ​។​

ចំណែក​ លោក​​ឧត្ដមសេនីយ៍​ឯក ប៊ុត សុភាព បាន​ជំរុញ​ដល់​គ្រប់​បណ្តា​អង្គភាព​កងយោធពល​ខេមរភូមិន្ទ​បន្ត​ចូលរួម​ដក​បទពិសោធន៍ ដើម្បី​ឲ្យ​ការប្រកួត​លើក​ក្រោយៗ​ទៀត​ទទួលបាន​ជោគជ័យ និង​កាន់តែ​ច្រើនឡើង ដើម្បី​ទ្រទ្រង់​ប្រទេសជាតិ​ឲ្យ​បាន​រឹងមាំ មាន​ស្ថិរភាព ឈាន​ទៅរក​ការ​អភិវឌ្ឍន៍ ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​០៤ ខែមករា ការប្រកួត​កីឡា​កងទ័ព​បានធ្វើ​ឡើង​នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) ដោយមាន​កីឡាករ​កីឡាការិនី ចំនួន​១៦០​នាក់ ស្មើនឹង​១៦​ក្រុម មកពី​តាម​បណ្តា​អង្គភាព​ចំនួន​៥​ចូលរួម ក្នុងនោះ​រួមមាន បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, កង​ពលតូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១, សាលា​នាយទាហាន​សកម្ម វិទ្យាស្ថាន​ទ័ពជើងគោក និង​ក្រសួងបរិស្ថាន ដោយ​ចែកចេញជា​២​ប្រភេទ ដែល​ប្រភេទ​១ មាន​៤​ក្រុម ស្មើ​៤​អង្គភាព មាន​វិញ្ញាសា​រត់​ប្រដាប់អាវុធ​ចម្ងាយ​៤km រត់​ឆ្លងកាត់​ឧបសគ្គ និង​បាញ់​គ្រាប់​ពិត​។​

ជា​លទ្ធផល​ចំណាត់ថ្នាក់​លេខ​១ កងពលតូច​ពិសេស​ឆត្រយោង​៩១១, លេខ​២ សាលា​នាយទាហាន​សកម្ម និង​លេខ​៣ បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​។ ប្រភេទ​២ មាន​វិញ្ញាសា​សែង​ហ្វ្រ​ង់​កា​រត់​ចម្ងាយ​២km, រត់​ឆ្លងកាត់​ឧបសគ្គ និង​ចោល​គ្រាប់បែក ផ្នែក​នារី​មាន​៥​ក្រុម លទ្ធផល​ចំណាត់​ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ បាន​ទៅលើ សាលា​នាយទាហាន​សកម្ម​។

ផ្នែក​បុរស​មាន​៤​ក្រុម ចំណាត់ថ្នាក់​លេខ​១ កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ ,​លេខ​២ និង​លេខ​៣ សាលា​នាយទាហាន​សកម្ម​។ ជាមួយគ្នានេះ គណៈកម្មការ​ក៏បានផ្តល់​រង្វាន់​ដល់​បុគ្គល​ល្អ​ឆ្នើម បុរស​នារី ដោយបាន​ទៅលើ​ក្រុមនិស្សិត​វគ្គ​ជំនា​ន់ទី​២១ នៃ​សាលា​នាយទាហាន​សកម្ម​ផងដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu