Ad Code

ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​០៣​នាក់ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ម៉ូតូ ​បុក​ជាមួយ​ម៉ូតូ​



កំពង់ស្ពឺ ៖ យ៉ាងហោចណាស់​មនុស្ស ម្នាក់​ស្លាប់​ភ្លាមៗ និង ០៣​នាក់​ទៀត រង​របួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ នៅតាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ភូមិ​ទួល ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ នា​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អ៊ី​ស៊ី​ទ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ រ៉ុង ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ម៉ី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ពពូល ឃុំ​ជំ​ពូ​ព្រឹក្ស ស្រក​ឧដុង្គ បើកបរ​ពី​កើ​តទៅ​លិច ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បើក​ជែង​រថយន្ត​មួយ​គ្រឿង​កំពុង​ធ្វើដំណើរ​ស្របគ្នា​ ក៏​​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1j-0551បើកបរ​ដោយ​ឈ្មោះ ឌឿ​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ និង​អ្នករួមដំណើ​ឈ្មោះ ភ័ស ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ពេញទំហឹង​បណ្តាល​ឲ្យ​ឈ្មោះ រ៉ុង ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​។​

ជនរងគ្រោះ ​ត្រូវ​សមត្ថកិច្ច​ជួយសង្គ្រោះ​ដោយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង​។ សព​ជនរង​គ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

ចំណែក​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ រង់ចាំ​ដោះ​ស្រាយ​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu