ក្លិបកីឡាបាល់ទាត់វិសាខា សមាជិកលីគកំពូលប្រទេសកម្ពុជា បានបន្ដកំណត់ត្រាឈ្នះក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ (Pre-Season Tour) នៅប្រទេសថៃ ១ប្រកួតទៀតហើយ ដោយយកឈ្នះក្រុមសមាជិកលីគលំដាប់ទី២ របស់ថៃ (Thai League-2) Air Force United ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅល្ងាចថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៨ លើទីលាន SITSAMAN ប្រទេសថៃ។
ជំនួបមិត្តភាពនេះ ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតតង់ទី១ ដោយរក្សាលទ្ធផលស្មើគ្នា ០-០ លុះចូលតង់ទី២ បាន ១៥នាទី កីឡាករ Luben សមាជិកដែលកំពុងតែធ្វើតេស្តសមត្ថភាពជាមួយក្លិបវិសាខា បានបំប៉ោងសំណាញ់ទីក្រុម Air Force United ១គ្រាប់ នៅនាទី៦០ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។
ក្លិបកីឡាបាល់ទាត់វិសាខា បានធ្វើដំណើរមកដល់រាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ខណៈកម្មវិធីបោះជំរុំរបស់ក្លិបនឹងបញ្ចប់នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ខាងមុខ។ គិតមកទល់ពេលនេះ ក្លិបកីឡាបាល់ទាត់វិសាខា ក៏បានឆ្លងកាត់ការប្រកួតមិត្តភាពអន្ដរជាតិ ៥ប្រកួតរួចមកហើយដែរជាមួយលទ្ធផលឈ្នះ២ និងស្មើ ១ រួមមានឈ្នះក្រុម PAHANG FA របស់ម៉ាឡេស៊ី ៣-១, ឈ្នះក្រុម RSU FC ៥-០ និងប្រកួតស្មើក្រុមត្រៀមលេងលីគទី២ របស់ថៃ ឆ្នាំ២០១៩ MOF CUSTOMS UNITED ១-១ តែយកឈ្នះលើក្រុមMOF CUSTOMS UNITED វិញម្តងនិងយកឈ្នះក្រុម Air Force United។
សូមរំលឹកថា ចំពោះក្រុមវិសាខា បានបញ្ចប់រដូវកាលចាស់របស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្លិបជាសមាជិកទាំង១២ ក្រោយប្រកួត២២លើក ឈ្នះបាន១៤លើក ហើយស្មើគ្នា៣លើក និងចាញ់៥លើក។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមវិសាខា បានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ២ទល់១៕
Source: Kampuchea Thmey Daily
0 Comments