Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ជួប​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប នៅក្នុង​កិច្ចប្រជុំ នា​ថ្ងៃទី​២១ មករា ខាងមុខ ដើម្បី​និយាយ​ពី EBA



ភ្នំពេញ ​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​ខាងមុខ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៩ ។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួងការបរទេស​បាន​អះ​អះអាង​ថា ការដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះ តាម​ការអញ្ជើញ​របស់​លោកស្រី ហ្វេ​ដឺ​រី​កា ម៉ូ​ហ្គេ​រី​នី តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​នៃ​គណៈកម្មាការ​អឺរ៉ុ​ប​។ នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​សម​ភាគី​អឺរ៉ុប​នោះ នឹង​មាន​ពិភាក្សាគ្នា​អំពី​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដែលមាន​ផលប្រយោជន៍​រួម ដើម្បី​សម្រេច​នូវ​គោលបំណង​រួមមួយ នៃ​សមាហរណកម្ម​តំបន់​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន​គម្រោង​នឹង​ជួប​ទ្វេភាគី ជាមួយ​លោក ឌី​ឌ្យ៉េ​រ រ៉េ​ន​ឌ័​រ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប របស់​បែលហ្ស៊ិក លោកជំទាវ សេ​ស៊ី​លី​យ៉ា ម៉ា​ល​ស្ត្រុ​ម ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប និង​ជាមួយ​ប្រធាន​គណៈប្រតិភូ​ផ្សេងៗ​ទៀត​។

សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​ក្លាយជា​ដៃគូ​សន្ទនា​អាស៊ាន នៅ​ឆ្នាំ​១៩៧៧ ហើយ​ចាប់តាំងពី​ពេល​នោះ​មក ទំនាក់ទំនង​រវាង​តំបន់​ទាំងពីរ បាន​ឈាន​ដល់​កំរិត​ខ្ពស់​មួយ ដោយ​គ្របដណ្តប់​លើ​វិស័យ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន រួមមាន​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សង្គម និង​ការតភ្ជាប់​ជាដើម​។ ឈរ​លើ​ភាពជា​ដៃគូ​ជាច្រើន​ទសវត្សរ៍​មកនេះ កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ទិសដៅ នាពេល​អនាគត​នៃ​តំបន់​ទាំងពីរ​។​

លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៩​កន្លងមក​ថ្មីៗ​នេះ​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​សហភាព​អឺរ៉ុប ហើយ​នៅ​ឯ​កិច្ចប្រជុំ​នោះ នឹង​មាន​ជំនួប​ជាមួយ​ឧ​ត្ត​ម​ស្នងការ​ពាណិជ្ជកម្ម​រប​ស់ EU និយាយ​ពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ​។

លោក កេ​ត សោ​ផាន់ បញ្ជាក់​ថា “​ខ្ញុំ​សូមបញ្ជាក់​ជំហរ​មួយ គឺ​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ជំហរ​របស់​រាជរដ្ឋាភិបាល​ច្បាស់​ហើយ​ថា មិន​ប្ដូរ​ជំនួយ​ជាមួយ​អធិបតេយ្យ​ជាតិ​នោះទេ ដូច​អ្នកសារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ និង​អន្តរជាតិ​បានដឹង​រួចហើយ​ថា ជំហរ​រាជរដ្ឋាភិបាល​ច្បាស់លាស់​ណាស់​លើ​បញ្ហា​នេះ យើង​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​និយាយ​ចរចា​ជាមួយគ្នា យើង​មិនមែន មិន​និយាយ​រកគ្នា​នោះទេ គឺ​យើង​នៅតែ​បន្ត​កិច្ច​សន្ទនា​ជាមួយគ្នា​”​។

ទាក់ទង​បញ្ហា​នេះ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​កាលពី​ថ្មីៗ​នេះ​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប កំពុងធ្វើការ​ប្រជុំគ្នា និង​ទំនាក់ទំនង​គ្នា​ជាប្រចាំ​ផងដែរ​។ លោក​បញ្ជាក់​ថា “​អីចឹង​ខ្ញុំ​មិន​ចង់​ព្យាករណ៍​ថា តើ​អ្វី​ទៅជា​លទ្ធផល​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​នោះទេ​...​ដំណើរការ​នេះ ជា​ដំណើរការ​មួយ​ដ៏​ស្មុគស្មាញ ដើម្បី​ធ្វើការ​ពន្យល់​ឲ្យ​បាន​ក្បោះក្បាយ​នោះ ហើយ​បច្ចុប្បន្ន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ខាង​គណៈកម្មការ​កំពុង​តែ​ដំណើរការ ក្នុង​ការ​ដក​យក​មក​វិញ​ជា​ផ្លូវ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)” ។

តាម​លោក George Edgar ដំណើរការ​ក្នុង​ចរចា​គ្នា​អំពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ជា​ដំណើរការ​ដ៏​ស្មុគស្មាញ​មួយ ហើយ​ដំណើរការ​ជា​លក្ខណៈ​ផ្លូវការ​នេះ វា​ត្រូវការ​ពេលវេលា​ច្រើន ជាពិសេស​ក្នុង​រយៈ​៦​ខែ​ដំបូង​នេះ វា​ត្រូវការ​ពិភាក្សា​គ្នា ចរចា​គ្នា​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បន្ទាប់​មក​ទៀត បញ្ហា​ដទៃទៀត នឹង​អាច​ដោះស្រាយ​បាន បន្ទាប់ពី​កិច្ចពិភាក្សា​រយៈពេល​៦​ខែ​ទៅលើ​បញ្ហា ដែល​មាន​នេះ​។ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បញ្ជាក់​ថា ក្រោយពី​ដំណើរការ​មួយឆ្នាំ ទាក់ទង​ទៅ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ទើប​មានការ​សម្រេច​ចិត្ត​ថា នឹង​ត្រូវ​ព្យួរ​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឬក៏​អត់ គឺ​ត្រូវការ​រយៈពេល​មួយឆ្នាំ​។ ដូច្នេះ​បច្ចុប្បន្ននេះ យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​កំពុង​រៀបចំ​នៅឡើយ ហើយ​ដំណាក់កាល​ជា​ផ្លូវការ​នោះ មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ​។

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងករណី​ដែល​មិន​មាន​ការ​កែសម្រួល​អ្វីមួយ​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែល​ជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើជូន​លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការកំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ ហើយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​ថ្លែងថា ប្រសិនបើ​មានការ​ដកព​ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន នឹង​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ ជា​ឧបករណ៍​នយោបាយ​បរទេស​របស់ខ្លួន​សម្រាប់​កម្ពុជា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu