ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានណែនាំដល់មន្ត្រីរបស់ខ្លួននិងអ្នកពាក់ព័ន្ធជួយសម្រួលដល់នីតិវិធីនិងបែបបទក្នុងការចុះបញ្ជីសហជីពដើម្បីធានានិងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។
នៅក្នុងសេចក្តីណែនាំស្តីពីការសម្រួលនីតិវិធី និងបែបបទក្នុងការចុះបញ្ជីសហជីពដែលទើបទទួលបានកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោកបណ្ឌិតអ៊ិត សំហេង បានឲ្យដឹងថា ក្រសួងការងារស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់រួមមាន ប្រធាននាយកដ្ឋានវិវាទការងារ ប្រធាននាយកដ្ឋានអធិការកិច្ច ប្រធានមន្ទីរការងាររាជធានីខេត្ត មន្ត្រីទទួលបន្ទុកចុះបញ្ជីសហជីព និងមន្ត្រីទទួលបន្ទុកអធិការកិច្ចការងារជាដើមត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ជាពិសេសការអនុវត្តបញ្ញត្តិពាក់ព័ន្ធនឹងការការពារជាពិសេសសម្រាប់សមាជិកស្ថាបនិក និងថ្នាក់ដឹកនាំសហជីពឲ្យបានម៉ឺងម៉ាត់ដើម្បីធានានិងលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។
លោកបណ្ឌិតអ៊ិត សំហេង បានបន្ថែមទៀតថា មានបីចំណុចសំខាន់ៗដែលមន្ត្រីពាក់ព័ន្ធទាំងនោះត្រូវអនុវត្តដូចជាមិនតម្រូវឲ្យបំពេញព័ត៌មានអំពីសមាជិកគ្រួសាររបស់ថ្នាក់ដឹកនាំសហជីព មិនតម្រូវឲ្យផ្តល់សៀវភៅការងារ និងប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)ភ្លាមៗនៅពេលដាក់សំណុំបែបបទសុំចុះបញ្ជីសហជីពនោះទេ ដោយអនុញ្ញាតឲ្យសហជីពត្រូវផ្តល់ឯកសារទាំងនេះក្នុងរយៈពេល៤៥ថ្ងៃ គិតពីថ្ងៃទទួលបានការចុះបញ្ជី។ អនុញ្ញាតឲ្យបុគ្គលិកផ្នែករដ្ឋបាលនៃសហព័ន្ធសហជីព ឬសហភាពសហជីពជួយសម្របសម្រួលការចុះបញ្ជីរបស់សហជីពមូលដ្ឋានដែលជាសមាជិករបស់ខ្លួន»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានសាទរចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយសម្រួលនីតិវិធីការចុះបញ្ជីសហជីពតែលោកស្នើសុំឲ្យក្រសួងជួយសម្រួលបែបបទស្មុគស្មាញមួយចំនួនទៀតក្នុងការចុះបញ្ជីកែប្រែមាត្រាច្បាប់សហជីពឡើងវិញនិងផ្តល់សិទ្ធិឲ្យសហជីពរៀបចំលក្ខន្តិកៈផងដែរ ដើម្បីឲ្យការចុះបញ្ជីសហជីពបានលឿននិងរហ័សជាងមុន។
បើតាមលោកហេងហួររដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចាប់តាំងពីច្បាប់ស្តីពីសហជីពត្រូវបានបង្កើត កាលពីពាក់កណ្តាលឆ្នាំ២០១៦ ការអនុវត្តការងាររបស់សហជីព ព្រមទាំងការចុះបញ្ជីផ្សេងៗមានកាន់តែបើកទូលាយដោយមានចំនួនសហជីពដែលបានចុះបញ្ជីប្រមាណ១៣០០សហជីពកើនឡើងប្រមាណជាង៦០០រយក្នុង១ឆ្នាំ។ តែបើពីមុនបង្កើតឆ្នាំច្បាប់ស្តីពីសហជីពវិញចំនួនសហជីពដែលចុះបញ្ជីមានត្រឹមតែជាង២០០ប៉ុណ្ណោះក្នុង១ឆ្នាំ។
លោកហេង សួរ បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានសហជីពប្រមាណជាង៦ពាន់ហើយដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការលើកកម្ពស់សិទ្ធសេរីភាពផ្នែកសហជីពនៅប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments