Ad Code

កីឡាករ ចាន់ វឌ្ឍនាកា ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​



កីឡាករ ចាន់ វឌ្ឍនាកា អតីត​សមាជិក​ក្លិប​បឹងកេត និង​ជា​សមាជិក​ក្នុង​ក្រុម ជម្រើសជាតិ​កម្ពុជា បានចេញ​ដំណើរ​ទៅ​ចូលរួម​ក្លិប​បាល់ទាត់​PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ឆ្នាំ​២០១៨ ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី (2018 Malaysia Super League) សម្រាប់​ត្រៀម​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ​។



កីឡាករ ចាន់ វឌ្ឍនាកា បាន​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្តាហ៍​នេះ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ថ្មី​របស់​គេ ខណៈ​ក្លិប​បឹងកេត បាន​ត្រឹម​ជូនពរ​អោយ​កីឡាករ​រូបនេះ​ទទួលបាន​ជោគជ័យ​សម្រាប់​រដូវ​កាល​ថ្មី​ខាងមុខ​។ រូបគេ​ជា​កីឡា​ករទី​២​ដែល​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី រដូវ​កាល​នេះ​បន្ទាប់ពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន​។ មុន​ចេញ​ដំណឹង​កីឡាករ​រូបនេះ​បាន​តាំងចិត្ត​ខ្ពស់​ក្នុង​ការជួយ​ក្រុម​ក៏ដូចជា​កសាង​កេរ្តិ៍ឈ្មោះ​ឡើងវិញ​។

សូម​រំលឹកថា ​ថ្មីៗ​នេះ​យោង​តាម​ការចេញផ្សាយរ​បស់​សារ​ព័ត៌មាន​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា​លោក​Datuk K. Rajagobal ដែលជា​គ្រូបង្វឹក​របស់​ក្រុម PKNS បាន​សម្លឹង​មើល​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា និង​កីឡាករ​Gabriel Quak របស់​សឹង្ហ​បុរី ដើម្បី​ចូលរួម​ក្នុង​ក្រុម​បំពេញ​កូតារ​កីឡាករ​អាស៊ាន​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ឆាប់ៗ​នេះ​។ ប៉ុន្តែ​ទីបំផុត​កៅអី​១​នោះ​គឺ​បាន​មកលើ​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា​។



​សូម​បញ្ជាក់​ថា​ កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ​២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league)​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែ​ពាក់កណ្តាល​រដូវ​កាល​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​បឹងកេត របស់​កម្ពុជា វិញម្តង។



រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត ​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ​២០១២ ដែល​ផ្ដល់​ដោយ​គណៈ​កម្ម​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​បាន​ដដែល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu