Ad Code

ភរិយា​មន្ត្រី​ពន្ធនាគារ​បើករថយន្ត បត់​ត្រឡប់​ក្រោយ​បុក​អន្ទិត​ទើប​សឹក​ពី​បួស​របួស​ជើង



ភ្នំពេញ ៖ អន្ទិត​ទើបតែ​សឹក​ពី​បួស​បាន​រង​របួស​ជើង​ស្តាំ​ធ្ងន់ធ្ងរ បន្ទាប់ពី​ជិះ​ម៉ូតូ​ទៅលេង​បងប្រុស មិនទាន់​ដល់​ផ្ទះ​ផង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ អ្វី​ដែល​ហួសចិត្ត​នោះ​គឺ​ភាគី​រថយន្ដ​បាន​ទារ​សំណង​ពី​អ្នក​ជិះ​ម៉ូតូ​១០០​ដុល្លារ​ ដើម្បី​ជួសជុល​រថយន្ដ​ថែមទៀត​ព្រោះ​ពេល​ភ្លាមៗ​នោះ​ជនរងគ្រោះ​ហាក់​មិនទាន់​ដឹង​ថា ​ឈឺ​ទេ​តែ​បន្ដិច​ក្រោយមក​ស្រាប់តែ​របួស​ឈឺ​ខ្លាំង​ដួល​នៅនឹងកន្លែង​និង​ឃើញ​ឡានពេទ្យ​មក​ ទើប​ភាគី​រថយន្ដ​បាន​ហុច​ឲ្យ​២០​ម៉ឺន​រៀល​ បើកឡាន​ចេញទៅ​បាត់ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ជនរងគ្រោះ​ឈ្មោះ ពៅ សាវុធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ទើបតែ​សឹក​ពី​បួស​មិន​ទាន់​បាន​មួយ​សប្តាហ៍​ផង មាន​ទីលំនៅ​ភូមិ ព្រៃ​គុយ ឃុំ​គោកចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥​ ស៊េរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AC-7821។ ចំណែក​រថយន្ត​បង្ក ម៉ាក Chevrolet ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-2568 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ជា​ភរិយា របស់​មន្ត្រីនគរបាល​ពន្ធនាគារ។



តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បើក​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុច​ខាងលើ បត់​ឆ្វេង​ត្រឡប់​ក្រោយ ស្រប​ពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​ដែរ គេច​មិនទាន់​បុក​ជាមួយ​រថយន្ត​តែម្តង បណ្តាល​ឲ្យ​ដួល​រង​របួស​ជើង​ស្តាំ ម៉ូតូ​រង​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​ដាច់​ធ្លាក់​កាង​មុខ។



ក្រោយ​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​មិនទាន់​ដឹង​ថា ​ជើង​ខ្លួន​ឈឺ​កម្រិត​ណា​ទេ​នឹក​ថា​ មិន​អី​និយាយ​សម្រួល​គ្នា​សុំ​រួចខ្លួន​តែ​ខាង​រថយន្ត​មិន​ព្រម ចង់បាន​សំណង​ដែរ តែ​អស់​មួយសន្ទុះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះទៅ​ដល់ អាការៈ​ចាប់ផ្តើម​ឈឺ​ចុក​ពើត​ផ្សារ ដឹងខ្លួន​ថា​មិន​ស្រួល ជនរងគ្រោះ​ទាមទារ​១០០​ដុល្លារ​វិញ​ ដើម្បី​មើល​របួស​និង​ជួសជុល​ម៉ូតូ តែ​ភាគី​ខាង​រថយន្ត​វិញ​នៅតែ​មិន​ព្រម​ព្រោះ​នៅចាំ​ពាក្យ​ជនរងគ្រោះ​មុនដំបូង​ថា​ស្មើគ្នា លុះ​គ្រាន់តែ ឃើញ​រថយន្ត​សង្គ្រោះ​មកដល់ ដឹង​ថា ​មិនសូវ​ស្រួល​ជនរងគ្រោះ​កាន់តែ​ឈឺ​ខ្លាំង​ឡើងៗ​ទើប​បុរស​ជា​ប្តី បើកបរ​រថយន្ត​បង្ក​ចេញទៅ​បាត់​ដោយ​ហុច​លុយ​២០​ម៉ឺ​ន​រៀល​ទៅ​ឲ្យ​ជនរងគ្រោះ រួច​នាំគ្នា​រត់ឡើង​ឡាន​បើក​ចេញ​អស់​ ព្រោះ​ខ្លាច​សង​គេ​ច្រើន​ទៀត។

ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ភាគី​ខាង​រថយន្ត​បើកឡាន​ចេញទៅ​បាត់​អស់ សល់​តែ​ម៉ូតូ សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu