បន្ទាយមានជ័យ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសហការជាមួយកម្លាំងគរបាលក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនជាតិចិនប្រុសស្រី១៥នាក់ នៅផ្ទះវីឡាមួយកន្លែង បានជួលទៅឲ្យជនជាតិចិន បើកបនល្បែងតាមអនឡាញខុសច្បាប់ ស្ថិតនៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ ពីការិយាល័យព្រហ្មទណ្ឌកម្រិតក្រុងប៉ោយប៉ែត បានឲ្យដឹងការចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនជាតិចិន បើកបនល្បែងតាមអនឡាញនេះ ក្រោមការដឹកនាំបង្ក្រាបផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលការងារព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុក កែវបណ្ឌិត អនុវត្តតាមដីកាអនុញ្ញាតឲ្យឆែកឆេរ របស់ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ជឺ សុខ។
ជនជាតិចិនទាំង១៥នាក់ ដែលមកស្នាក់នៅជួលផ្ទះវីឡា បើកបនល្បែង តាមអនឡាញខុសច្បាប់ សមត្ថកិច្ចឆែកឆេរត្រួតពិនិត្យមាន កាន់លិខិតឆ្លងដែនប្រភេទការងារ ប៉ុន្តែគ្មានប័ណ្ណការងារនោះ និងដកហូតសម្ភារៈប្រើប្រាស់បម្រើឲ្យការប្រព្រឹត្តល្មើសអនឡាញមួយចំនួនធំផងដែរ។
ជនជាតិចិនទាំង១៥នាក់ ត្រូវបានសមត្ថកិច្ចបានចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីយកមកសាកសួរ និងចាត់ការតាមផ្លូវច្បាប់ហើយ៕
Source: Kampuchea Thmey Daily
0 Comments