កីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវបានក្លិបចាស់របស់ខ្លួនគឺTerengganu FAសមាជិកនៅលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី (Malaysia Super League) បន្តកិច្ចសន្យា១រដូវកាលទៀត ក្រោយផុតរដូវកាលឆ្នាំ២០១៨ថ្មីៗនេះ ខណៈរូបគេកំពុងធ្វើដំណើរជាមួយមិត្តរួមក្រុមទៅប្រកួតមិត្តភាពកម្តៅសាច់ដុំដកស្រង់បទពិសោធន៍នៅប្រទេសវៀតណាម ពាក់កណ្ដាលខែមករា នេះ។
ក្រុមTerengganu FA បានយកឈ្នះលើក្រុម Becamex Binh Duong ដោយលទ្ធផល៣ទល់២ កាលពីពេលថ្មីៗ ខណៈនៅល្ងាចថ្ងៃពុធ សប្ដាហ៍នេះបានបន្តប្រកួត១លើកទៀតតែចាញ់ក្រុមTruong Giang FC ៣ទល់១ លើទីលានកីឡដ្ឋានTanh Long Stadium ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កីឡាករ ធារី ចន្ថាប៊ីន ត្រូវបានគ្រូបង្វឹកដាក់ជាកីឡាករបម្រុងប៉ុណ្ណោះក្នុងប្រកួតនេះដោយផ្តោតលើកីឡាករយុវជនច្រើន។
យោងតាមសេចក្តីប្រកាសរបស់ក្លិប Terengganu FA បានបញ្ជាក់ថា ក្លិបខ្លួន នឹងធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាលថ្មី នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ ទី ១៨ ខែមករា ឆ្នាំ២០១៩ ក្រោយប្រកួតទី២នេះ ក្លិបរបស់ម៉ាឡេស៊ី ខាងលើត្រូវប៉ះក្រុមHo Chi Minh City FC សមាជិកពានរង្វាន់លីគកំពូលប្រទេសវៀតណាម (V-League) វិញម្តង។
សូមរំលឹកថា កីឡាករ ធារី ចន្ថាប៊ីន ទើបតែបានជួយក្រុមឈានដល់វគ្គផ្ដាច់ព្រ័ត្រ Malaysian FA Cup ទៀតកាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅប៉ុន្តែចាញ់គ្រាប់បាល់ប៉េណាល់ទីកាត់សេចក្ដីទល់នឹងក្រុម Perak ក្នុងគ្រាប់បាល់៤-១ (ថែមម៉ោង ១៥ នាទី ២ដងស្មើ ៣-៣)។ ចំណែកនៅក្នុងលីគកំពូលម៉ាឡេស៊ី វិញរូបគេបានជួយក្រុមឲ្យស្ថិតនៅលំដាប់ទី ៥ នៃលីគកំពូលរដូវកាលកន្លងទៅ។
ចំពោះក្លិបបាល់ទាត់ Terengganu FA ដែលជាក្រុមចំណូលថ្មីក្នុងពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី ក្រោយឈរលេខ២នៅលីគលំដាប់ទី២ របស់ប្រទេសម៉ាឡេស៊ី ប្រចាំរដូវកាលឆ្នាំ២០១៧នេះ។ ក្លិបនេះមិនធ្លាប់ឈ្នះជើងឯកពានរង្វាន់លីកកំពូលរបស់ប្រទេសម៉ាឡេស៊ី នោះទេ ប៉ុន្តែធ្លាប់ឈ្នះជើងឯករងចំនួន៣លើកគឺនៅឆ្នាំ១៩៩២,២០០១ និង២០១១ តែធ្លាប់ឈ្នះជើងឯកពានរង្វាន់១លើកនៅឆ្នាំ២០០១ និងជើងឯករងនៅឆ្នាំ១៩៧៣,១៩៨២,១៩៩៨ និង២០១១។ ក្រុមនេះធ្លាប់ចេញទៅលេងពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup បាន១លើកគឺនៅឆ្នាំ២០១២ តែធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments