Ad Code

ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក ប្រកាស​ថ្កោលទោស និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន AMAZON បញ្ឈប់​នូវ​ការ​លក់ និង​ដក​រូប​ទាំងនោះ ចេញពី​គេហទំព័រ​



​ភ្នំពេញ ​៖ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បា​នស​ម្ដែ​ង​ការតក់ស្លុត និង​ស្រងាកចិត្ត​យ៉ាងខ្លាំង នៅពេល​ឃើញ​រូបភាព​នៃ​ប្រាសាទ​របស់​ខ្មែរ ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​រួចទៅហើយ​នោះ ត្រូវបាន​ក្រុមហ៊ុន​ផលិត​ទំនិញ​មួយចំនួន យក​ធ្វើជា​រូបភាព​ដាក់​នៅលើ​ផលិតផល​របស់ខ្លួន​បង្ក​ភាព​អាម៉ាស់​យ៉ាងខ្លាំង​។​

សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ របស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​បានលើកឡើង​ថា រូបភាព​នៃ​ប្រាសាទ​អង្គរ ដោយ​រួមមាន​ដូចជា​ប្រសាទ​អង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន និង​បឹងមាលា​ជាដើម ដែល​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ UNESCO ហើយ​នៅ​ឆ្នាំ​២០១៧ ត្រូវបាន​ក្រុមហ៊ុន​ផលិត​ទំនិញ​មួយចំនួន​យកទៅ​ធ្វើជា​រូបភាព​ដាក់​លើ​ផលិតផល​បង្ក​ភាពអាម៉ាស់​យ៉ាងខ្លាំង ក្នុងនោះ​មានដូចជា គម្រប​បង្គន់ កម្រាល​បន្ទប់ទឹក កម្រាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កម្រាល​ផ្ទះបាយ​ជាដើម​។ លើសពីនេះ​ទៀត​ក្រុមហ៊ុន​បាន​ប្រើប្រាស់​វិធី​គួរ​ឲ្យ​ស្អប់ខ្ពើម ដោយ​ប្រើប្រាស់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​រចនា​ធ្វើជា​កម្រាល​បន្ទប់ទឹក កម្រាលព្រំ និង​បង្គន់ ហើយ​ត្រូវបាន​ដាក់លក់​នៅលើ​គេហទំព័រ amazon.com និង amazon fr​។​

ក្នុងនាម​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឯកអគ្គរាជទូត បាន​ថ្កោលទោស​បណ្ដា​ក្រុមហ៊ុន​ផលិត​ផលិតផល​ទាំងអស់នោះ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន amazon បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់​របស់ខ្លួន ហើយ​ដក​ចេញពី​គេហទំព័រ​នូវ​ផលិតផល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមបញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ គេ​ឃើញ​ក្រុមហ៊ុន Online ដ៏​ល្បី​របស់​អាមេរិក​មួយ ឈ្មោះ Amazon បាន​រចនា​រូប​ប្រាសាទអង្គរវត្ត និង​រូប​ប្រាសាទ​ល្បីៗ​មួយចំនួនទៀត​របស់​កម្ពុជា ដែល​ត្រូវបានគេទទួលស្គាល់​ទូទាំង​ពិភពលោក យកទៅដាក់​លើ​គ្រប​បង្គន់ និង​កម្រាល​ជើង​ជាដើម ហើយ​ដាក់តាំង​លក់​នៅលើ​អន​ឡាញ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ទូទៅ បាន​សម្តែង​ការមិន​ពេញចិត្ត និង​បាន​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​បាន​ថ្កោលទោស​ថា ក្រុមហ៊ុន​អាមេរិក Amazon បាន​​​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ ក៏ដូចជា​បុព្វបុរស​ខ្មែរ​យ៉ាងខ្លាំង ដែល​មិនអាច​ទទួលយក​បានឡើយ​។​

តាម​ក្រុមហ៊ុន Amazon ដែល​បាន​បង្ហោះ​នៅលើ​អន​ឡាញ បាន​យក​រូប​ប្រសាទ​អង្គរវត្ត ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រហ្ម​មុខ​បួន និង​ប្រសាទ​នានា​របស់​ខ្មែរ យកមក​ធ្វើជា​គម្រប​បង្គន់ និង​ជា​កម្រាល​ជើង ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ​១៩.៩៩​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ កាន់តែ​បង្ហាញថា ក្រុមហ៊ុន​នេះ​ផ្គើន​ដល់​ប្រជាជន​កម្ពុជា​កាន់តែខ្លាំង​ឡើងៗ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu