សហភាពអាហ្វ្រិក បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឲ្យផ្អាកការប្រកាសចុងក្រោយសម្រាប់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះកាលពីខែមុននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដោយសារតែមានការសង្ស័យយ៉ាងធ្ងន់ធ្ងរ។
សម្រាប់កិច្ចប្រជុំនៅប្រទេសអេត្យូពី, សហភាពអាហ្វ្រិកបានព្រមព្រៀងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុង Kinshasa ជាបន្ទាន់ក្នុងគោលបំណងស្វែងរកផ្លូវចេញពីវិបត្តិនយោបាយ។
សហភាពអាហ្វ្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រមុខរដ្ឋនិងរដ្ឋាភិបាលដែលចូលរួមក្នុងកិច្ចប្រជុំនេះបានសន្និដ្ឋានថា មានការសង្ស័យយ៉ាងធ្ងន់ធ្ងរលើការអនុលោមតាមលទ្ធផលបណ្តោះអាសន្នដែលបានប្រកាសដោយគណៈកម្មាធិការបោះឆ្នោតឯករាជ្យជាតិ”។
ជាលទ្ធផល ខ្លួនបានអំពាវនាវឲ្យផ្អាកការប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោតនោះ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតដែលគេទន្ទឹងរង់ចាំជាយូរមកហើយកាលពីសប្ដាហ៍មុនកំពុងត្រូវបានដាក់ប្តឹងនៅក្នុងតុលាការក្នុងប្រទេសមួយដែលមិនធ្លាប់ស្គាល់ការផ្ទេរអំណាចដោយសន្តិភាពសោះចាប់តាំងពីការទទួលបានឯករាជ្យពីប្រទេសប៊ែលហ្សិកក្នុងឆ្នាំ១៩៦០។
គណៈកម្មការបោះឆ្នោតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មុនថា មេដឹកនាំបក្សប្រឆាំងលោក Felix Tshisekedi គឺជាអ្នកឈ្នះនៃការបោះឆ្នោតថ្ងៃទី៣០ខែធ្នូជាមួយសំឡេង៣៨,៥៧ភាគរយលើគូប្រជែងលោក Martin Fayulu ដែលទទួលបានសំឡេងឆ្នោត៣៤,៨ភាគរយ។
ប្រធានសហភាពអាហ្វ្រិកលោក Moussa Faki Mahamat បានប្រាប់ក្រុមមេដឹកនាំអាហ្វ្រិករួមទាំងប្រទេសអាហ្វ្រិកខាងត្បូង ហ្សំប៊ីនិងសាធារណរដ្ឋកុងហ្គោផងដែរដែលបានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីជម្លោះការបោះឆ្នោតនៅការិយាល័យកណ្តាលរបស់សហភាពអាហ្វ្រិកក្នុងប្រទេសអេត្យូពីថា “ថ្វីបើស្ថានការណ៍នៅលើដីមានសភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះក៏ដោយ វានៅតែជាកង្វល់មួយ”។
នៅដើមសប្ដាហ៍នេះ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលជាប្លុកមួយរួមមានទាំងប្រទេសអង់ហ្គោឡានិងអាហ្វ្រិកខាងត្បូងផងដែរនោះបានអំពាវនាវឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនិងមានរដ្ឋាភិបាលបង្រួបបង្រួមមួយនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕ AFP
Source: Kampuchea Thmey Daily
0 Comments