ភ្នំពេញ ៖ នៅទីបំផុតចំណងស្នេហាសាងឡើងមានរយៈពេលជាច្រើនឆ្នាំរវាងតារាចម្រៀងប្រុសលោក នី រតនាជាមួយកូនក្រមុំស្រស់សោភាដែលជាកូនស្រីថៅកែអ្នកនាំចូលផលិតផលសម្អាងម៉ាក Womea ក្រោយពេលភ្ជាប់ពាក្យនិងស្វែងយល់ចិត្តគ្នាហើយនោះ ពេលនេះពួកគេបានសម្រេចចិត្តចូលរោងការជាផ្លូវការហើយ ដោយមានចាស់ទុំសាច់ញាតិទាំងសងខាងចូលរួមអបអរ។
គេចាំបានថា តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មហង្សមាសលោក នី រតនា និងភរិយាស្រស់ស្អាតកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨កន្លងមកនេះ បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យរួចមកហើយនៅគេហដ្ឋានខាងស្រី ដោយមានការអញ្ជើញភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករនិងបង្កបរិយាកាសសប្បាយរីករាយ។ ចំណែកឯ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ គឺជាថ្ងៃមង្គលការរបស់អ្នកទាំងពីរដែលបានទន្ទឹងចាំឱកាសនេះអស់ជាច្រើនខែមកហើយនោះ។
តាមការកត់សម្គាល់នៅក្នុងថ្ងៃមង្គលការរបស់តារាប្រុសលោក នី រតនា នាថ្ងៃទី១៨ ខែមករាដែលជាពេលវេលាដ៏ល្អនិងសេរីមង្គលពួកគេនេះដែរគឺមានការអញ្ជើញចូលរួមអបអរយ៉ាងច្រើនកុះករពីសំណាក់បងប្អូន ញាតិមិត្ត និង អ្នករួមអាជីពសិល្បៈល្បីៗមួយចំនួនប្រកបដោយស្នាមញញឹមស្ទើរបិទមាត់មិនជិតរវាងកូនកំលោះនិងកូនក្រមុំ។
ចំពោះវត្តមានរបស់អ្នកសិល្បៈល្បីៗដែលបានអញ្ជើញចូលរួមនៅក្នុងពិធីមង្គលការរបស់លោក នី រតនា រួមមាន៖លោកតា ព្រហ្ម ម៉ាញ ,លោកយាយ យ៉យ ,កញ្ញា ឱក សុគន្ធកញ្ញា ,កញ្ញា ថន លក្ខិណា រួមនឹងតារាសិល្បៈល្បីៗជាច្រើនទៀតដែលបាននាំគ្នាចូលរួមក្នុងពិធីកាត់សក់និងហែជំនូន។ចំណែកឯពិធីជប់លៀងសប្បាយនោះក៏មានវត្តមានរបស់តារាចម្រៀង-សម្តែង ពិធីករ ពិធីការិនីល្បីៗជាច្រើនទៀតចូលរួមអបអរផងដែ៕
Source: Kampuchea Thmey Daily
0 Comments