កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ខំចិត្តលុបចោលការធ្វើដំណើរមួយទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដោយគូប្រជែងបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi និងលុបចោលដំណើររបស់មន្ត្រីរដ្ឋបាលទៅកាន់វេទិកានៅទីក្រុង Davos ខណៈការបិទរដ្ឋាភិបាលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនធ្លាក់ចូលទៅក្នុងភាពជាប់គាំងកាន់តែជ្រៅ។
ព្រឹទ្ធសភាបានជាប់ក្នុងជម្លោះជាមួយសេតវិមានអំពីរបៀបបញ្ចប់ភាពជាប់គាំងដែលនៅពេលនេះបានឈានចូលសប្តាហ៍ទី៤ហើយខណៈបុគ្គលិកសហព័ន្ធរាប់ពាន់នាក់នាំគ្នាឈប់ធ្វើការ។
ប៉ុន្តែឥឡូវនេះ ជម្លោះផ្ទាល់ខ្លួនក៏កាន់តែមានភាពខ្លាំងឡើងផងដែររវាងគូប្រជែងដ៏ធំទាំងពីរ។
នៅក្នុងលិខិតមួយដែលស្រដៀងទៅនឹងការនិយាយចំអក លោក Trump បានថ្លែងទៅកាន់ប្រធានសភាលោកស្រី Pelosi ថា “ខ្ញុំសូមទោសចំពោះការជូនដំណឹងដល់អ្នកថា ដំណើររបស់អ្នកទៅកាន់ទីក្រុងប្រ៊ូសសែល ប្រទេសអេហ្ស៊ីបនិងអាហ្វហ្គានីស្ថានត្រូវបានពន្យារពេល។ យើងនឹងកំណត់ពេលវេលាឡើងវិញក្នុងរយៈពេល៧ថ្ងៃនេះនៅពេលការបិទរដ្ឋាភិបាលបានបញ្ចប់”។
លោកបានសរសេរថា “ខ្ញុំជឿជាក់ថា អ្នកនឹងយល់ស្របថាការពន្យារពេលព្រឹត្តិការណ៍ទំនាក់ទំនងសាធារណៈនេះគឺជារឿងសមស្រប”។
ហើយនៅក្នុងទង្វើមួយដែលហាក់ដូចជាកាត់បន្ថយការរិះគន់ពីគណបក្សប្រជាធិបតេយ្យអំពីការធ្វើដំណើររបស់រដ្ឋបាលដែលមិនសំខាន់អំឡុងពេលបិទរដ្ឋាភិបាលនោះ សេតវិមានបានប្រកាសលុបចោលការធ្វើដំណើរទៅវេទិកាសេដ្ឋកិច្ចពិភពលោកដោយរដ្ឋមន្ត្រីក្រសួងរតនាគារលោក Steven Mnuchin និងអ្នកដទៃទៀត។
លោកស្រី Pelosi និងគណៈប្រតិភូរបស់លោកស្រីគ្រោងធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានដែលជាតំបន់សង្គ្រាមដ៏សកម្មហើយនឹងត្រូវធ្វើដំណើរតាមយន្តហោះរបស់កងទ័ពអាកាសអាមេរិក។ ការិយាល័យរបស់លោកស្រីបាននិយាយថា ប្រទេសអេហ្ស៊ីបមិនស្ថិតនៅលើផ្លូវនេះទេ។
ការលុបចោលនេះបានធ្វើឡើងក្រោយការលើកឡើងរបស់លោកស្រី Pelosi ដែលថា លោក Trump បានផ្អាកសុន្ទរកថាប្រចាំឆ្នាំដែលសង្ខេបសភាពការណ៍នយោបាយរបស់ប្រទេសនៅថ្ងៃទី២៩ខែមករាឬធ្វើវាចេញពីសេតវិមានជំនួសវិញ៕ AFP
Source: Kampuchea Thmey Daily
0 Comments