ភ្នំពេញ៖ លោក គង់ គាំ អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សស្និទ្ធជាមួយលោក សម រង្ស៊ី ផងនោះ បានអះអាងថា លោក សម រង្ស៊ី កំពុងឈ្លក់វង្វេងនឹងពាក្យថា “ឪប្រជាធិបតេយ្យ” ដែលលើកបន្តុបដោយក្រុមរបស់ខ្លួន ហើយរាំងខ្ទប់ដង្ហើមអ្នកប្រជាធិបតេយ្យវ័យក្មេង ដែលមិនស្របតាមខ្លួន។
លោក គង់ គាំ លើកឡើងបែបនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯបរទេសនោះ បាននិយាយបញ្ឆិតបញ្ឆៀង ឌឺដងឲ្យលោក គង់ គាំ ថា នៅពេលដែលគណបក្សណាមួយធំធាត់ឡើង នឹងត្រូវគេរំលាយចោលដូចគណបក្សសង្គ្រោះជាតិ ហើយមានតែលោក គង់ គាំ កូនប្រុសប៉ុណ្ណោះ ដែលព្រមទទួលយកការដកបម្រាមនយោបាយ។
លោក គង់ គាំ បញ្ជាក់យ៉ាងនេះថា "ឈ្លក់ដោយងារជា (ឪប្រជាធិបតេយ្យ) ដែលក្រុមខ្លួនជួយលើកតម្កើង លោក សម រង្ស៊ី កំពុងរកខ្យល់បានប្រឹងខ្ទប់ដង្ហើមអ្នកប្រជាធិបតេយ្យវ័យក្មេង ប្រឹងឃាត់ឃាំងអ្នកប្រជាធិបតេយ្យខ្សែផ្សេង និងប្រឹងលាបពណ៌អតីតអ្នកគាំទ្រថា ក្បត់ខ្លួនព្រោះមិនដេកផ្ទះ ហើយទៅបោះឆ្នោតក្លែងក្លាយ មិនក្រោកឈរប្រឆាំងរដ្ឋសភា ប្រឆាំងរដ្ឋាភិបាលក្លែងក្លាយ ។ល។ ជួយយកអំណាចអោយខ្លួន និងបក្សពួកដែលបានដេកចាំ"។
តាមលោក គង់ គាំ អតីតតំណាងរាស្ត្រ ដែលជាអ្នកធ្វើច្បាប់ បែរជាមិនដឹងថា សិទ្ធិត្រូវកំណត់ដោយច្បាប់។ លោកបញ្ជាក់ថា “ការយល់ថា CNRP រស់ឡើងវិញ ឬពេលសាលដីកាតុលាការកំពូលផុតកំណត់ គឺល្ងង់។ គ្មានទេរបស់ដែល ហៅថា សម្ពាធអន្តរជាតិ និងលក្ខខណ្ឌប្រាំចំណុចដូចជា ទម្លាក់ការចោទប្រកាន់-ដោះលែង កឹម សុខា ជាមុន-សងវិញអំណាចជាប់ឆ្នោត-បោះឆ្នោតឡើងវិញជាមួយអ្នកសង្កេត ការណ៍អន្តរជាតិ។ ការប្រើយុទ្ធសាស្ត្រណា ឬប្រកាសណា មួយ សុទ្ធតែជាការបោកបញ្ឆោតទាំងអស់”។
លោក គង់ គាំ បញ្ជាក់ទៀតថា ការមិនសុំសិទ្ធិធ្វើនយោបាយស្របច្បាប់ឡើងវិញពេលនេះ គឺបន្តបាត់បង់សិទ្ធិរហូតឆ្នាំ២០២២ ដែលសាលដីកាកំពូលបានកំណត់។ លោកអះអាងថា អ្នកល្មើសសាលដីកាអាចទទួលទោសបន្ថែមហើយការសម្លាប់ជីវិតនយោបាយរបស់ខ្លួន និងទុកឱកាសបម្រើលំហប្រជាធិបតេយ្យ និងបម្រើប្រជាពលរដ្ឋ ដែលចង់អោយមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជាចោលទទេៗ។ លោក គង់ គាំ ថា “អ្នកនយោបាយសត្វត្រដេវិច បន្លាចខ្លួនឯង និងអ្នកដទៃថា មុខជាត្រូវរំលាយដូច CNRP ទៀត (មេឃមិនរលំ ក៏សត្វត្រដេវិចខ្លាច ហើយដេកយកជើងទ្រមេឃជានិច្ច)។ មិនជឿទុកចិត្តលើសមត្ថភាពខ្លួន គឺកំសាក”។
លោក គង់ គាំ ធ្លាប់បាននិយាយដែរថា ការមិនដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ តាមការឃាត់ឃាំង ឬអំពាវនាវរបស់លោក សម រង្ស៊ី នោះ គឺជាការបំផ្លាញខ្លួនឯង ពីព្រោះក្នុងនាមជាអ្នកដឹកនាំនយោបាយ ត្រូវដឹង ត្រូវយល់យ៉ាងស៊ីជម្រៅពីបរិយាកាស និងជម្រើសសម្រាប់កាលៈទេសៈនីមួយៗ ហើយលោកបានសម្តែងការសោកស្តាយបំផុត ចំពោះអតីតមេដឹកនាំ CNRP មួយចំនួន ដែលមានចរិតអញនិយម ជក់ខ្យល់តាម សម រង្ស៊ី ហើយនៅពេលបោះឆ្នោត បាននាំគ្នាដេកផ្ទះ ទុកម្រាមដៃស្អាត។
លោក គង់ គាំ ធ្លាប់បានអះអាងដែរថា ការណែនាំរបស់លោក សម រង្ស៊ី ៧ចំណុចទាក់ទង “សិទ្ធិធ្វើនយោបាយ” គឺជាការដាក់កម្ពុជា ជាប្រទេសគ្មានច្បាប់ដើម្បីខ្លួនឯង ហើយអ្នកជាប់ទោសទាំងអស់ ធ្វើសកម្មភាពអានាធិបតេយ្យតាមអំពើចិត្ត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក សម រង្ស៊ី បាននិយាយថា អ្នកចាញ់បោកសម្តេចតេជោ ហ៊ុន សែន តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះ ប្រហែលជាមិនលើសពី ២នាក់ទេ គឺលោក គង់ គាំ និងកូនប្រុសគាត់ គឺលោក គង់ បូរ៉ា ដែលស្ថិតក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិទាំង១១៨រូប។ ចំណែកគណបក្សតូចៗដែលទើបតែបង្កើតថ្មី ពេលណារីកធំធាត់រហូតដល់ទៅមានកម្លាំងគ្រប់គ្រាន់ សម្តេចតេជោ ហ៊ុន សែន នឹងរំលាយគណបក្សនោះ ដូចគណបក្សសង្គ្រោះជាតិដែរ៕
Source: Kampuchea Thmey Daily
0 Comments