Ad Code

មនុស្ស​១០​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​សាលា​ប៉ូលិស​កូ​ឡុំ​ប៊ី​



ការវាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​សាលា​បណ្តុះបណ្តាល​ប៉ូលិស​បានសម្លាប់​មនុស្ស​ចំនួន​១០​នាក់​និង​រងរបួស​៦៥​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង Bogota ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​ហេតុការណ៍​អាក្រក់​បំផុត​នៅ​រដ្ឋធានី​របស់​ប្រទេស​កូ​ឡុំ​ប៊ី​ក្នុង​រយៈពេល​១៦​ឆ្នាំ​មកនេះ​។​

ក្រសួងការពារជាតិ​បាន​និយាយថា “​អំពើ​ភេរវកម្ម​” នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើប្រាស់​រថយន្ត​មួយគ្រឿង​ផ្ទុក​គ្រឿងផ្ទុះ​ទម្ងន់​៨០​គីឡូក្រាម​។​

លោក​ប្រធានាធិបតី Ivan Duque បាន​បង្ហោះ Twitter ថា “​ប្រជាជន​កូ​ឡុំ​ប៊ី​ទាំងអស់​សូម​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ហើយ​យើង​រួបរួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វា​”​។ លោក​បាន​ប្តេជ្ញា​ថា​នឹង​នាំ​អ្នក​ដែល​ទទួលខុស​ត្រូវយក​មក​កាត់ទោស​។​

អ្នក​បំផ្ទុះ​គ្រាប់បែក​ដែល​អាជ្ញាធរ​អះអាងថា​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​គឺ​បាន​វាយប្រហារ​នៅ​សាលា General Francisco de Paula Santander ភាគខាងត្បូង​ទីក្រុង Bogota អំឡុង​ពិធី​ផ្សព្វផ្សាយ​សម្រាប់​កូនសិស្ស​ប៉ូលិស​។​

គ្មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​នោះទេ​ប៉ុន្តែ​រដ្ឋអាជ្ញា​សាធារណៈ​លោក Nestor Humberto Martinez បានដាក់​ឈ្មោះ​ជនសង្ស័យ​ថា​មានឈ្មោះ Jose Aldemar Rojas Rodriguez ។​

លោក Martinez បាន​និយាយថា Rojas Rodriguez បាន​ចូល​បរិវេណ​សាលារៀន​នៅ​ម៉ោង​៩​និង ៣០​នាទី​ព្រឹក​ដោយ​បើកបរ​រថយន្ត Nissan Patrol ឆ្នាំ​១៩៩៣​ពណ៌​ប្រផេះ​ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ការផ្ទុះ​នោះទេ​។​

ក្រសួងការពារជាតិ​បាន​និយាយថា ការស៊ើបអង្កេត​មួយ​បានចាប់ផ្តើម​ដើម្បី​ស្វែងរក​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ភេរវកម្ម​នេះ​។​

ប្រធានាធិបតី​អេ​ក្វា​ឌ័​រលោក Lenin Moreno បាន​និយាយថា អ្នកស្លាប់​ម្នាក់​គឺជា​សិស្ស​ប៉ូលិស​ជនជាតិ​អេ​ក្វា​ឌ័​រ​ខណៈ​ម្នាក់ទៀត​រងរបួស​ស្រាល​។​

ទន្ទឹមនឹង​នេះដែរ ប្រធានាធិបតី​ប៉ា​ណា​ម៉ា​លោក Juan Carlos Varela បាន​និយាយថា មាន​សិស្ស​ប៉ូលិស​សញ្ជាតិ​ប៉ា​ណា​ម៉ា​ចំនួន​៤៥​នាក់​មាន​វត្តមាន​ក្នុងអំឡុងពេល​នៃ​ការវាយប្រហារ​ដោយ​ក្នុងនោះ​មាន​២​នាក់​រងរបួស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu