ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស៊កសៀតពាក្យសម្តីជាមួយនឹងគូប្រជែងបោះឆ្នោតលោក Prabowo Subianto លើបញ្ហានានារួមទាំងអំពើពុករលួយនិងការអនុវត្តច្បាប់ផងដែរនៅក្នុងការជជែកដេញដោលជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍, បីខែមុនការបោះឆ្នោតនៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣របស់ពិភពលោក។
ការប្រកួតប្រជែងដើម្បីដឹកនាំប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតមួយនេះគឺធ្វើឲ្យគេនឹកឃើញដល់កាលពីឆ្នាំ២០១៤នៅពេលលោក Widodo អាយុ៥៧ឆ្នាំបានឈ្នះទាំងប្រផិតប្រផើយលើឧត្តមសេនីយចូលនិវត្តន៍រូបនេះដើម្បីក្លាយជាប្រធានាធិបតីទីមួយដែលមកពីខាងក្រៅឥស្សរជននយោបាយនិងយោធារបស់ប្រទេសឥណ្ឌូនេស៊ី។
ការស្ទាបស្ទង់មតិភាគច្រើនបានបង្ហាញថា លោក Widodo កំពុងនាំមុខលោក Prabowo។
ប៉ុន្តែដោយសារអ្នកបោះឆ្នោតរហូតដល់ទៅមួយភាគបួននៅតែមិនទាន់សម្រេចចិត្តនោះ ក្រុមស្ទង់មតិរំពឹងថា គម្លាតនឹងកាត់បន្ថយ។
បេក្ខជននិងគូប្រជែងរបស់ពួកគេសម្រាប់ការបោះឆ្នោតថ្ងៃទី១៧ខែមេសាត្រូវបានគេចោទសួរអំពីបញ្ហាសិទ្ធិមនុស្ស អំពើពុករលួយនិងអំពើភេរវកម្មនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទីបួនរបស់ពិភពលោក។
លោក Widodo បាននិយាយថា ក្រុមរបស់លោកបានផ្តល់នូវសុទិដ្ឋិនិយមខណៈពេលដែលលោក Prabowo អាយុ៦៧ឆ្នាំបានគូសបញ្ជាក់ពីភាពក្រីក្រនិងវិសមភាពប្រាក់ចំណូលដែលរារាំងប្រជាជនភាគច្រើននៃប្រទេសដែលមានប្រជាជនជាង២៥០លាននាក់មួយនេះ។
លោក Widodo បានបង្ហាញភាពរំជើបរំជួលខណៈពេលនិយាយការពារកំណត់ត្រារបស់គាត់ស្របពេលដែលគូប្រជែងរបស់គាត់បានសួរសំណួរម្តងហើយម្តងទៀតអំពីប្រព័ន្ធច្បាប់របស់ប្រទេសនិងអំពើពុករលួយ។
អ្នកឈរឈ្មោះជាមួយគាត់ឈ្មោះ Ma'ruf Amin ដែលជាបព្វជិតមូស្លីមវ័យ៧៥ឆ្នាំនៅតែស្ងាត់ស្ងៀមក្នុងការជជែកដេញដោលរយៈពេលពីរម៉ោង។
លោក Prabowo និងមិត្តឈរឈ្មោះរបស់គាត់ឈ្មោះ Sandiaga Uno បាននិយាយថា ពួកគេនឹងចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងជនល្មើសពុករលួយដោយលើកឡើងថា ពួកគេអាចដាក់ឲ្យនៅតែឯងលើកោះដែលគ្មានទីលំនៅហើយទទួលបានពលកម្មយ៉ាងធ្ងន់ធ្ងរ។
នៅឆ្នាំ២០១៧ប្រទេសឥណ្ឌូនេស៊ីបានស្ថិតនៅចំណាត់ថ្នាក់ទី៩០ក្នុងចំណោមប្រទេសចំនួន១៧៦នៅក្នុងសន្ទស្សន៍អំពើពុករលួយប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិដែលស្មើទៅនឹងបណ្តាប្រទេសនានាដូចជាប្រទេសលីបេរីយ៉ានិងកូឡុំប៊ីជាដើម៕ REUTERS
Source: Kampuchea Thmey Daily
0 Comments