Ad Code

មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ថ្មី​ជាមួយ​លោក Trump



ឧ​ត្ត​ម​សេនីយ៍​កូរ៉េខាងជើង​កំពូល​ម្នាក់​កំពុងស្ថិត​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ដែល​ក្នុងអំឡុង​ពេលនេះ​ លោក​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Donald Trump ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចប្រជុំ​កំពូល​ថ្មី​មួយ​ដែល​ផ្តោតលើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​បន្ធូរបន្ថយ​ភាព​តានតឹង​រយៈពេល​ជាច្រើន​ទសវត្ស​។​

លោក Kim Yong Chol ដែលជា​ដៃស្ដាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​បាន​ទៅដល់​រដ្ឋធានី​អាមេរិក​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដែល​នេះ​ជា​បេសកកម្ម​បង្កើត​សន្តិភាព​ថ្មី​បំផុត​បន្ទាប់ពី​ភាព​តានតឹង​បាន​កើនឡើង​ជាថ្មី​កាល​ពីមួយ​ឆ្នាំមុន​។​

អ្នកចរចា​កូរ៉េខាងជើង​រូបនេះ​បាន​លុបចោល​កិច្ចពិភាក្សា​ដែល​បាន​គ្រោងទុក​ចុងក្រោយ​របស់គាត់​នៅក្នុង​សហរដ្ឋអាមេរិក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស Mike Pompeo ហើយ​ពេលនេះ​រដ្ឋបាល​អាមេរិក​បាន​ប្រុងប្រយ័ត្ន​ដោយ​មិន​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ជាមុន​ទេ​។​

ប៉ុន្តែ​ប្រភព​អាមេរិក​មួយ​បាន​និយាយថា លោក Pompeo នឹង​ស្វាគមន៍​លោក Kim នៅ​ថ្ងៃ​សុក្រ​សម្រាប់​អាហារ​មួយពេល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មុនពេល​អ្នក​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឆ្ពោះទៅ​សេត​វិមាន​ជាមួយគ្នា​។​

លោក Trump បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​នូវ​ការ​ខ្នះខ្នែង​ដើម្បី​ជួប​លោក​គីម​ជុង​អ៊ុន​សារជាថ្មី​បន្ទាប់ពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ដែលជា​កិច្ចប្រជុំ​លើកដំបូង​មិន​ធ្លាប់មាន​រវាង​មេដឹកនាំ​កំពុងកាន់​តំណែង​នៃ​ប្រទេស​ទាំងពីរ​។​

លោក​បាន​និយាយថា លោក​រំពឹងថា​នឹងមាន​សេចក្តីប្រកាស​មួយ​ក្នុងពេល​ឆាប់ៗ​នេះ​អំពី​កិច្ចប្រជុំ​កំពូល​លើក​ទី​២​ខណៈ​ក្រុម​អ្នកការទូត​បាន​មើលឃើញ​ប្រទេស​វៀតណាម​និង​ថៃ​ថា​ជាទី​កន្លែង​ដែល​អាច​រៀបចំ​កិច្ចប្រជុំ​នេះ​បាន​។​

គួររម្លឹកថា នៅក្នុង​ប្រទេស​សិង្ហ​បុរី លោក​គីម​បាន​សន្យាថា​នឹងធ្វើ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ដើម្បី​សម្រេចការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​។​

ប៉ុន្តែ​ភាគី​ទាំងពីរ​ហាក់ដូច​ជាមាន​គំនិត​ខុសគ្នា​អំពី​របៀប​ដើម្បី​សម្រេច​វា​ដោយ​សហរដ្ឋអាមេរិក​រំ​ពឹង​ថា កូរ៉េខាងជើង​នឹង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ហើយ​ទីក្រុង​ព្យុងយ៉ាង​ព្យាយាម​បញ្ចប់​នូវ​អ្វីដែល​ខ្លួន​មើលឃើញថា​ជាការ​គំរាមកំហែង​រប​ស់​អាមេរិក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu