Ad Code

នារី​ម្នាក់ ​ត្រូវ​​រថយន្ត​ទំនើប​មួយ​គ្រឿង​ តាម​បុក​ពីក្រោយ ​សង្ស័យ​មាន​ចេតនា​តាម​សម្លាប់​



​ភ្នំពេញ ​៖ នារី​ស្រស់ស្អាត​ម្នាក់​ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅតាម​ផ្លូវ​ ដោយសារ​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ តាម​បុក​ម៉ូតូ​របស់​នាង ខណៈ​កំពុង​ជិះ​ បណ្តាល​ដួល​ជាប់​ឡាន​បង្ក​នោះ ​អូស​ជា​ង​១០០​ម៉ែត្រ​ ទើប​របូត ​រួច​បើក​គេចខ្លួនបាត់​តែម្ដង​។​

​ហេតុការណ៍​នេះ​បានកើត​កាលពី​វេលា​ម៉ោង​២៤​និង​០០នាទី ​កណ្តាល​អធ្រាត្រ​ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ អតីត​ផ្លូវ​ឧកញ៉ា ទ្រី ហេង​ ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប៉ូលិស​មូលដ្ឋាន​បាន​និយាយថា​ តាម​ការបំភ្លឺ​ពីសា​ក្សី​ជាច្រើន​នាក់​ដែល​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នាង​ជនរងគ្រោះ​បាន​កំពុងតែ​ជិះ​ម៉ូតូ​ម៉ាក ​zoomer តែ​ម្នាក់ឯង ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​នៅតាម​បណ្តោយ​ផ្លូវ​លេខ​២០១១ លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​លុចស៊ីស​មួយគ្រឿង​ បាន​តាម​បើក​បុក​នាង​ពីក្រោយ ​បណ្តាលឲ្យ​នាង​ជាប់​ក្រោម​ឡាន ហើយ​ឡាន​នោះ​ បើក​អូស​ទៅមុខ​រហូត ​ប្រហែល​ជាង​១០០​ម៉ែត្រ ទើប​របូត ហើយ​រថយន្ត​នោះបាន​បើក​រត់គេចខ្លួន​ភ្លាមៗ ប៉ុន្តែ​បាន​ជ្រុះ​សញ្ញា​ឡូហ្គោ​ប៉ែក​ខាងមុខ​រថយន្ត នៅ​ក្បែរ​សាកសព​នាង​។​

​នាងរង​គ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ​រឿន ស្រី​ម៉ុម អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​ មាន​ស្រុកកំណើត​នៅ​ភូមិ​គង​ជ័យ ឃុំ​ព្រែក​គុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​លោក ស៊ិន សុវណ្ណ នាយផ្នែក​នគរបាល​ចរាចរណ៍​ប្រចាំ​ខណ្ឌ​សែន​សុខ បានធ្វើ​ការសន្និដ្ឋាន​ជា​ផ្លូវការ​​​ថា ករណីនេះ ជន​បង្ក​មាន​ចេតនា​បើករថយន្ត​តាម​បុក​សម្លាប់​ រួច​បើក​គេចខ្លួនបាត់​តែម្តង ដែល​រថយន្ត​បង្ក​ហេតុ​នោះ​ម៉ាក​លុច​ស៊ី​ស មិន​ស្គាល់​ស្លាកលេខ​។​

​ប៉ូលិស​បាន​កំពុងតែធ្វើការ​ស្រាវជ្រាវ​តាមរក​ភិនភាគ​រថយន្ត​បង្ក​នោះ ​ដែល​គេ​អាច​ធ្វើ​បាន​តាមរយៈ​ការ​សុំ​សហការ​ជាមួយ​ផ្ទះ​ប្រជាពលរដ្ឋ​ណា​នៅ​តាម​ផ្លូវ​លេខ​២០១១​នេះ ​មាន​បំពាក់​ម៉ាស៊ីន​កាមេរ៉ា សុវត្ថិភាព ដើម្បី​ឲ្យ​ស្លាកលេខ​ ហើយនឹង​អាច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដៃដល់​បាន​។ ដោយសារតែ​ការពារ​ខ្លាច​មានរឿង​ចឹ​ងៗ​កើតឡើង​បែបនេះហើយ​ ទើប​យានយន្ត​ទាំងអស់ ​តម្រូវឲ្យ​មាន​ស្លាក​លេខ​សម្គាល់នោះ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu