ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើង២ក្រុម ឈ្លោះគ្នា ជិះម៉ូតូដេញតាមវាយគ្នា បណ្ដាលឲ្យភាគី១ក្រុមអង្គុយខាងក្រោយ ត្រូវមួយដំបងចំគុម្ពត្រចៀកដួលម៉ូតូស្លាប់នឹងកន្លែងកើតហេតុ ហើយនគរបាលក៏ចាប់ខ្លួនជនសង្ស័យភ្លាម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តព្រៃដំរី ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកនាយប៉ុស្តិ៍បន្តថា ជនរងគ្រោះ ឈ្មោះ ហែល ប្រុសពៅ អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ម្នាក់ក្នុងចំណោមគ្នា៦នាក់ ដែលជំនាញចាប់បាន ឈ្មោះ ម៉ៅ ម៉ាច ហៅអ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។រួមជាមួយវត្ថុតាង មានម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 7114 ដែលជនសង្ស័យជិះធ្វើសកម្មភាព។
បើតាម លោកនាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាននោះទទួលពីសាក្សីបានឃើញហេតុការណ៍ថា មុនដំបូងគេបានឃើញក្មេងទំនើង១ក្រុម មានគ្នា០៦នាក់ បានទាស់សំដីគ្នាជាមួយក្មេងទំនើង១ក្រុមទៀត នៅវត្តព្រៃដំរីភូមិកើតហេតុខាងលើ។ ពួកគេមានប្រដាប់ដោយអាវុធមាន ដាវ និងដំបងដែកគ្រប់ដៃសងខាង បានជិះម៉ូតូចំនួនបីគ្រឿងមួយគ្រឿង ម៉ាក យ៉ាមាហា អ៊ិចសីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូពីរគ្រឿងទៀត ម៉ាកហុងដា សេ១២៥ មិនចាំស៊េរី និងស្លាកលេខ ធ្វើដំណើរពីកើតទៅលិច ដេញវាយក្មេងទំនើងមួយក្រុមទៀត មានគ្នា០៦នាក់ ជិះម៉ូតូបីគ្រឿង ធ្វើដំណើរក្នុងទិសដៅស្របគ្នា មកដល់ចំណុចកើតហេតុខាងលើ ក្រុមក្មេងបង្កបានយកដំបងដែកវាយទៅលើ ឈ្មោះ ហែល ប្រុសពៅ មួយដំបង បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាពរួច ក្រុមក្មេងទំនើងបង្កហេតុ បានជិះម៉ូតូរត់គេចខ្លួនបាត់។
លោកអធិការស្រុកបាកានបានបញ្ជាក់ថា ដោយមានតម្រុយពីសាក្សីភ្លាម នៃជនសង្ស័យ រួមទាំងភិនភាគម៉ូតូរបស់ជនសង្ស័យ សមត្ថកិច្ចយើងបានប្រើប្រាស់ជំនាញតាមរកស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួន ចាប់បានជនដៃដល់បានម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ រួមទាំងវត្ថុតាងជាមធ្យោបាយនោះភ្លាមតែម្ដង។
ក្នុងករណីនេះ លោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ត្រូវដៃដល់វាយនឹងដំបងចំគុម្ពត្រចៀកខាងឆ្វេង មួយដំបង ហើយបានធ្លាក់ពីលើម៉ូតូបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯ ឈ្មោះ ឆឺយ ធានុន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូពុំរងរបួសទេ។
លោកស្នងការរងបានបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលស្រុកបាកាន និងកម្លាំងអាវុធហត្ថស្រុក បានជាធ្វើការសាកសួរទៅលើ ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាច គេក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ប្រាកដមែន និងបាននាំសមត្ថកិច្ចទៅទីតាំងដែលពួកគេចោល និងលាក់ទុកវត្ថុតាង រកឃើញមានដំបងដែក០១ដើម និងដាវមួយដើម។
លោកស្នងការរងបានបញ្ជាក់បន្ថែមទៀតថា ករណីហិង្សារវាងក្រុមក្មេងទំនើង២ក្រុមខាងលើ ក្លាយជាអំពើឃាតកម្មរហូតដល់មានអ្នកស្លាប់នេះ គឺបណ្តាលពីការឌឺដងពាក្យសម្ដីគ្នា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ចំពោះបក្ខពួកជនសង្ស័យចំនួន០៥នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំពោះសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
Source: Kampuchea Thmey Daily
0 Comments