ភ្នំពេញ ៖ វាជារឿងរ៉ាវដ៏ក្តៅគគុកមួយ កើតឡើងនៅថ្ងៃទី២១មករាកន្លងទៅ ដោយស្ត្រីម្នាក់ រត់ទាំងត្រហេបត្រហបមកប្តឹងប៉ូលិស តែដល់ប៉ូលិសបើកការស្រាវជ្រាវ និងមានការបំភ្លឺពីសាក្សីទើបទីបំផុតកូនធម៌ជាចោរលួចរថយន្តសោះ។
តាមប្រភពពី លោកអនុសេនីយ៍ឯក ទេព បូរ៉ា ប្រធានប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២១មករានេះថា ស្ត្រីម្នាក់ ឈ្មោះ ហង្ស ស៊ីម៉ន អាយុ៥៨ឆ្នាំមុខរបរលក់ដូរនៅផ្សារច្បារអំពៅ និងមានលំនៅដ្ឋានក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរត់ទាំងត្រហេបត្រហបមកស្នាក់ការប៉ូលិសប៉ុស្តិ៍ ដោយបានដាក់ពាក្យបណ្តឹងឲ្យជួយស្រាវជ្រាវវែកមុខចោរលួចរថយន្តរបស់ខ្លួនម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 AZ 86 87 ដែលខ្លួនបានយកមកចតនៅបេនឡានច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភ្លាមៗនោះ លោកនាយប៉ុស្តិ៍ បានបែងចែកកម្លាំងចុះស្រាវជ្រាវ និងកោះហៅសន្តិសុខប្រចាំការនៅបេនឡានមកសាកសួរ ដែលដំបូងឡើយ ស្ត្រីម្ចាស់រថយន្តបានទាមទារឲ្យសន្តិសុខប្រចាំការឲ្យសងរថយន្តដែលបាត់។ ប៉ុន្តែក្នុងនោះភរិយារបស់សន្តិសុខយាមបេនបានអះអាងថា មានមនុស្សប្រុសម្នាក់ មកបើកចេញយ៉ាងលឿន ដោយមិនទាំងឲ្យថ្លៃឈ្នួលចំណតទៀតផង។
លោក ទេព បូរ៉ា បានបញ្ជាក់ថា ស្ត្រីម្ចាស់រថយន្តមកទាមទារសំណងថ្លៃរថយន្តរបស់ខ្លួនដែលបាត់នោះគឺខុសហើយ ព្រោះការយករថយន្តមកចតនៅបេនឡានពុំមានលិខិតផ្ញើនោះទេ គឺសន្តិសុខសុំតែថ្លៃឈប់សំចតប៉ុណ្ណោះ ព្រោះទីតាំងបេនឡាន ទទួលការឈប់សំចតពុំមានទទួលការបញ្ញើនោះទេហើយបើបាត់បង់ គឺម្ចាស់បេនមិនទទួលខុសត្រូវឡើយ។ អ្វីដែលសមត្ថកិច្ចកោះហៅសាក្សីមកបំភ្លឺស្របពេលដែលសមត្ថកិច្ចប្រើប្រាស់ជំនាញផងនោះ ទីបំផុតចោរលួចរថយន្ត គឺជាកូនធម៌របស់ស្ត្រីរងគ្រោះតែម្តង។
លោកនាយប៉ុស្តិ៍បន្ថែមថា នៅពេលដែលសមត្ថកិច្ចសន្និដ្ឋានមុខសញ្ញាបានយ៉ាងច្បាស់លាស់ទៅហើយ ប៉ុន្តែកូនធម៌ព្យាយាមគេចវេះ ទោះបីជាម្តាយធម៌ទូរស័ព្ទឲ្យមកជួយរករថយន្តដែលត្រូវចោរលួចបាត់ទៅហើយ។ លុះព្រឹកឡើង លោកនាយប៉ុស្តិ៍ បានជំរុញឲ្យស្ត្រីរងគ្រោះទូរស័ព្ទទៅកូនធម៌ម្តងទៀត ដោយប្រើល្បិចថា រថយន្តដែលបាត់ គឺគាត់អត់ស្គាល់ស្លាកលេខ។ ទីបំផុតកូនធម៌សុខចិត្តមកជួបម្តាយធម៌នៅស្នាក់ការប៉ូលិសស្របពេលសាក្សីចង្អុលបញ្ជាក់ថា ជននេះជាអ្នកលួចរថយន្តចេញពីបេនឡានមក ទើបម្តាយធម៌សុខចិត្តដកពាក្យបណ្ដឹងវិញ។ ការដកពាក្យបណ្តឹងបញ្ឈប់ការប្តឹងផ្តល់នេះ បើតាមប៉ូលិសអះអាងថា វាជាសិទ្ធិរបស់ជនរងគ្រោះ។ ប៉ុន្តែបើសិនជាពុំមានសាក្សីចង្អុលបង្ហាញទេនោះ គឺច្បាស់ជាស្ត្រីម្ចាស់រថយន្តរូបនេះស្រែកចំទាល និងចោទប្រកាន់គេឯងទាំងងងើលបាត់ទៅហើយ។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា កូនធម៌របស់ស្ត្រីខាងលើនេះ ឈ្មោះ លីម ម៉េងឈាង ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើតភូមិមេសរប្រចន្ទ័ ឃុំមេសរប្រចន្ទ័ ស្រុកពារាំង ខេត្តព្រៃវែង និងបច្ចុប្បន្នស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធម៌សែនជ័យ រាជធានីភ្នំពេញ។
តំណាងសន្តិសុខយាមប្រចាំការនៅបេនឡានច្បារអំពៅ សូមសំដែងការអរគុណដល់ប៉ូលិសប៉ុស្តិ៍ច្បារអំពៅទី២ ដែលខិតខំស្រាវជ្រាវវែកមុខជនខិលខូចនេះបាន កុំអីមកចោតប្រកាន់សន្តិសុខទាំងអយុត្តិធម៌បាត់ទៅហើយ។ សំណាងណាស់ ដែលភាគីសន្តិសុខមិនប្តឹងតបតវិញនោះ ព្រោះដំបូងឡើងមកចោទសន្តិសុខឲ្យសងរថយន្តដែលបាត់ទៅខ្លួនវិញ ខណៈដែលកូនធម៌ប្រើល្បិចបោកម៉ែធម៌យ៉ាងរំភើយនោះ៕
Source: Kampuchea Thmey Daily
0 Comments