ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃពុធថា តុលាការនៅប្រទេសវៀតណាមបានដាក់ពន្ធនាគារបុរសម្នាក់រយៈពេល១៤ឆ្នាំពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋដោយមានដៃគូសម្ងាត់ជាមួយក្រុមមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រព័ត៌មានផ្លូវការរបស់ខ្លួនថា លោក Phan Van Binh អាយុ៤៧ឆ្នាំត្រូវបានចោទប្រកាន់ដោយតុលាការពីបទធ្វើការឲ្យក្រុមមួយដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាឈ្មោះថា រដ្ឋាភិបាលជាតិបណ្ដោះអាសន្ននៃប្រទេសវៀតណាមដែលជាក្រុមប្រឆាំងនឹងគណបក្សកុម្មុយនិស្តកំពុងកាន់អំណាច។
ក្រសួងបាននិយាយដោយលើកឡើងប្រភពពីរដ្ឋអាជ្ញាដែលមានវត្តមានក្នុងការជំនុំជម្រះរយៈពេលមួយថ្ងៃនៅខេត្ត Khanh Hoa ភាគកណ្តាលថា “សកម្មភាពរបស់លោក Binh គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិ រំលោភលើសន្តិសុខជាតិនិងប្រឆាំងផលប្រយោជន៍ជាតិ”។
ទោះបីជាមានកំណែទម្រង់សេដ្ឋកិច្ចទូលំទូលាយនិងការបើកចំហកាន់តែខ្លាំងចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ គណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅតែរក្សាការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹងនិងមិនអត់ឱនឲ្យការរិះគន់ទេ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយសំដៅដល់មេដឹកនាំបដិវត្តន៍វៀតណាមនិងជាបិតាស្ថាបនិកថា លោក Binh បានបង្ហោះលើគណនី Facebook របស់គាត់ថា “ប៉ាតលើរូបភាពរបស់ហូជីមិញនិងមេដឹកនាំគណបក្សនិងរដ្ឋ”។
ក្រសួងបាននិយាយថា ការបង្ហោះ Facebook របស់លោក Binh បានធ្វើឲ្យខូចទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងការណែនាំរបស់បក្សព្រមទាំងគោលនយោបាយនិងច្បាប់របស់រដ្ឋក្នុងគោលបំណងផ្ដួលរំលំរដ្ឋបាលរបស់ប្រជាជន។
អ្នកនាំពាក្យរបស់ Facebook បានបដិសេធធ្វើអត្ថាធិប្បាយ។
ហើយ Reuters មិនអាចកំណត់អត្តសញ្ញាណនិងទាក់ទងមេធាវីរបស់លោក Binh បានទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments