បាត់ដំបង ៖ បុរសម្នាក់ ដែលឧស្សាហ៍ដើរឆក់ត្រីនៅតាមព្រែក បឹង នានា ក្នុងតំបន់ព្រៃរនាមក្រោម បានរងគ្រោះរហូតបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែលបុរសរូបនេះ បានកែច្នៃឧបករណ៍សម្រាប់ឆក់ត្រី យកទៅឆក់ដូចសព្វមួយដង ហើយទំនងជាភ្លាត់ស្នៀតត្រូវបានចរន្តនោះឆក់ខ្លួនឯងវិញ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩ ចំណុច បឹងអាវែងក្រៅ ក្នុងតំបន់ព្រៃរនាមក្រោម ស្ថិតក្នុងភូមិ ម៉ាណោក ឃំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយសារតែមានប្រទះឃើញមនុស្សស្លាប់។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការអះអាងពីក្រុមគ្រួសារ សាច់ញាតិ គឺនៅមុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ហាច គឺ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិម៉ាណោក ឃុំតាលាស់ បានយកឧបករណ៍សម្រាប់ឆក់ត្រី ដែលច្នៃឡើងអំពីភ្លើងអាគុយ ចេញទៅឆក់ត្រីតាមបឹង ព្រែក នានា ក្នុងភូមិសាស្ត្រខាងលើ។
ក្រោយមកក៏មានការឆោឡោឡើង ដោយសារតែ ជនរងគ្រោះបានចុះឆក់ត្រី ក្នុងបឹង ស្រាប់តែភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯងក្នុងទឹកបឹងនោះតែម្តង ដែលសមត្ថកិច្ចបានសន្និដ្ឋានថា អាចមានការឆ្លងចរន្តដែលគេច្នៃពី ចរន្ត DC ទៅ AC ទើបធ្វើឲ្យឆក់ស្លាប់បាន។ បច្ចុប្បន្ន សព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments