អ្នកចាំទី អាឡិចហ្សង់ យូ (Alexandre You) ដែលជាកូនកាត់៣សាសន៍បានផុតកិច្ចសន្យាជាមួយក្លិបជើងឯក៦សម័យកាលភ្នំពេញក្រោន បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨ថ្មីៗ ខណៈរូបបានលេចមុខចូលរួមជាមួយក្រុមគីរីវង់សុខសែនជ័យ ដែលជាបេក្ខភាពសមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាលឆ្នាំ២០១៩ខាងមុខ។
កីឡាករដែលមានកំណើតនៅស្រុកព្រៃឈរ តែកាន់ខ្មែរ-ថៃ-បារាំង រូបនេះត្រូវបានគេឃើញចូលរួមហ្វឹកហាត់និងប្រកួតមិត្តភាពជាមួយក្លិបគីរីវង់សុខសែនជ័យ ក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិថៃ Ekapob Potisai។ យ៉ាងណាក្តីក្លិបដែលមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះមិនទាន់បានប្រកាសសមាជិកថ្មីរូបនេះជាផ្លូវការនៅឡើយនោះទេ។
សូមបញ្ជាក់ថា អេឡិចហ្សង់ យូ ធ្លាប់បានផ្តើមប្រឡូកក្នុងបាល់ទាត់ដំបូង ជាយុវជនថ្នាល Toulouse នៅប្រទេសបារាំងតាំងពីអាយុក្រោម១៣ឆ្នាំ ដល់ក្រោម១៦ឆ្នាំខណៈរូបគេធ្លាប់លេងជាមួយក្រុមយុវជនរបស់ក្លិបធំៗជាច្រើននៅ បារាំង និង អេស្ប៉ាញ ថែមទាំងធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងអាយុក្រោម១៤ឆ្នាំផងដែរ។ ដោយឡែក កាលពីឆ្នាំ២០១៧កន្លងទៅ រូបគេបានទៅហ្វឹកហាត់ជាមួយក្លិបលីគកំពូលថៃ Chonburi មួយរយៈ មុនសម្រេចចូលរួមជាមួយក្រុមភ្នំពេញក្រោនរបស់កម្ពុជាក្នុងរដូវកាល២០១៨នេះ។
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ជាបេក្ខភាព៣ក្រុមដែលនឹងត្រូវរើសតែ១ក្រុមដាក់ឲ្យចូលរួមប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៩ ខាងមុខ។ ក្លិប២ផ្សេងទៀតមានក្លិប Forza របស់ ខេត្តសៀមរាប និងខេត្តកំពង់ចាម។ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងពិនិត្យជាក់ស្ដែងអំពីលទ្ធភាព ចំពោះក្រុមទាំង ៣ ខាងលើតើក្រុមណាអាចបំពេញតម្រូវការលេងនៅលីគឆ្នាំ២០១៩បាន៕
Source: Kampuchea Thmey Daily
0 Comments