Ad Code

អគ្គនាយក​វិទ្យាស្ថាន IRRI កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល ទទួលបាន​ចំណាក់​ថ្នាក់​លេខ ១​ក្នុង​ក្របខណ្ឌ​អង្ករ​ល្អ​ជាងគេ​ពិភពលោក​ជា​លើក​ទី៤



ហ្វីលីពីន ​៖ លោក បណ្ឌិត Matthew Morell អគ្គនាយក​វិទ្យាស្ថាន IRRI និង​លោកស្រី​បណ្ឌិត Jacqueline Hughes អគ្គនាយករង បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្គត់ផ្គង់​អង្ករ​ទៅ​ទីផ្សារ​ពិភពលោក និង​សាទរ​ដែល​កម្ពុជា​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ ១​ក្នុង​ក្របខណ្ឌ​អង្ករ​ល្អ​ជាងគេ​ពិភពលោក​ជា​លើក​ទី ៤​។



ការ​ថ្លែង​កោត​ស​សើរ របស់ អគ្គនាយក​វិទ្យាស្ថាន IRRI បានធ្វើ​ឡើង ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី កសិកម្ម កម្ពុជា កាលពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ ។​នា​ឪ​កាស​នោះ រដ្ឋមន្ត្រី វេ​ង សាខុន និង​សហការី​បាន​បន្ត​ចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​ដំណាំ​ស្រូវ​ជាច្រើនរូប ដើម្បី​រួមគ្នា​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ស្តីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ យន្តការ​នៃ​ការផលិត​និង​ការ​បង្កាត់​ពូជស្រូវ​តាម​តម្រូវ​ចិត្ត​និង​តម្រូវការ​ទីផ្សារ បង្កើន​តម្លៃបន្ថែម​លើ​ផលិក​កម្ម​ដំណាំ​ស្រូវ ការ​បំពេញ​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម ការធ្វើ​ទំនើបកម្ម​កសិកម្ម ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា បញ្ហា​ប្រឈម និង​គម្រោង​ពាក់ព័ន្ធ​នានា នៅ​ទីស្តីការ​វិទ្យាស្ថាន IRRI នៅ​ទីក្រុង​ឡូ​ស​បា​ណូ​ស ខេត្ត​ឡា​ហ្គូ​ណា នៃ​សាធារណៈរដ្ឋ​ហ្វី​លិ​ពី​ន​។



​យោង តាម​ការ​រាយការណ៍រ​បស់​លោកស្រី​បណ្ឌិត Jacqueline Hughes បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​វិស័យ​ស្រូវ​អង្ករ​គឺជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការធានា​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​ទូទាំង​ពិភពលោក ពោលគឺ​ច្រើនជាង ៥០%​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​ពិសារ​អង្ករ ហើយ​លោកស្រី​បណ្ឌិត​ក៏បាន​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្គត់ផ្គង់​អង្ករ​ទៅ​ទីផ្សារ​ពិភពលោក និង​សាទរ​ដែល​កម្ពុជា​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ ១​ក្នុង​ក្របខណ្ឌ​អង្ករ​ល្អ​ជាងគេ​ពិភពលោក​ជា​លើក​ទី ៤​។

ទន្ទឹមនឹងនេះ លោកស្រី​បណ្ឌិត​បានបញ្ជាក់​ផងដែរ​ថា ការកើនឡើង​នៃ​តម្រូវការ​នៃ​អង្ករ​ពី​ប្រជាជន​ទូទាំង​ពិភពលោក​នេះ ទាមទារ​ឲ្យ​វិទ្យាស្ថាន បង្កើន​សកម្មភាព​ទាំង​ការងារ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថ្មី ទំនើប យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ ស្របតាម​យន្តការ​ទំនើបកម្ម​កសិកម្ម ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង និង​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ​។



នា​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ តាំង​នាម​ឲ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រូបលោក​ផ្ទាល់ លោក រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​វិទ្យាស្ថាន ដែល​បាននឹងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ហើយ​លោក រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា វិទ្យាស្ថាន​នឹង​បន្ត​ជួយ​ដល់​រាជរដ្ឋាភិបាល ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ ២០៣០​។

លោក បាន​គូសបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើ​នេះ ត្រូវបាន​ពង្រឹង​និង​ពង្រីក​មួយកម្រិត​បន្ថែម​ទៀត​តាមរយៈ​ទស្សនកិច្ច​ផ្លូវការ​នា​ថ្ងៃនេះ ព្រមជាមួយ​លទ្ធផល​ជា​ផ្លែផ្កា​ដែល​ទទួលបាន​ពី​កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ ដោយ​ភាគី​ទាំង​ពីរបាន​ឯកភាព​រួមគ្នា ទី​១. រៀបចំ​ចងក្រង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​រយៈពេល ៥​ឆ្នាំ​ថ្មី ២០១៩-២០២៣ ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ទី​២. បន្ត​អនុវត្ត​ផែនការ​ដំណាក់កាល​ទី​៣ នៃ​គម្រោង RIICE ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយរណប SAR ដើម្បី​ទាញយក​ព័ត៌មាន​ពីលើ​អាកាស​នូវ​ស្ថានភាព​នៃ​ទឹកជំនន់ គ្រោះរាំងស្ងួត ល្បឿន​បង្កបង្កើនផល និង​ទិន្នផល​ដំណាំ​ស្រូវ​។ ទី​៣. កសាង​សមត្ថភាព​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ដោយមាន​ការអនុវត្ត​ជាក់ស្តែង​ស្តីអំពី​ការត្រួតពិនិត្យ​គុណភាព និង​សុខភាព​គ្រាប់ពូជ​។ ទី​៤. ពិនិត្យ និង​ផ្តល់​យោបល់​ពាក់ព័ន្ធ​និង​ការនាំចេញ​អង្ករ​កម្ពុជា​ប្រកបដោយ​កាលានុវត្តភាព និង​ការ​ឧត្តមភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu