ភ្នំពេញ ៖ លោកផ្កាយ២ម្នាក់ដែលគេស្គាល់ថា ឈ្មោះ ហាក់ នីមានតួនាទីជា ឧត្តមសេនីយ៍ ទោនៅអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ផឹកស្រវឹង បានផ្ទុះអាវុធ ជាច្រើនគ្រាប់ នៅមុខហាង បុប្ផាភូមិថ្មី ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី ១៨មករាឆ្នាំ២០១៩ ដោយសារ ស្រវឹង ខឹងមិត្តភក្ត្រ័ ផឹកស៊ីជាមួយ។
បើតាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅស្រាវជ្រាវបានឲ្យដឹងថា ការផ្ទុះអាវុធ បង្កឡើងដោយ ឧត្តមសេនីយ៍ទោ ហាក់ នី មូលហេតុដោយសារ ផឹកស៊ីស្រវឹងកើតជា ជម្លោះពាក្យសម្តី ជាមួយមិត្តភ័ក្ត្រ នៅក្នុងវង់ផឹកស៊ីក្នុងហាងបុប្ផាភូមិថ្មី ប៉ុន្តែគេពុំដឹងថា មូលហេតុ ដែលនាំឲ្យ មានជម្លោះនោះ ផ្តើមឡើងដោយសារ ជម្លោះដណ្តើម ស្រី? ឬ ជម្លោះអ្វីផ្សេង ឲ្យច្បាស់នោះទេ តែជនបង្កបានបោកទូរស័ព្ទដៃចោលមួយគ្រឿងទៀតផង។
តាមប្រភពខាងលើបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី ១៨ មករាឆ្នាំ២០១៩ គេឃើញ លោក ឧត្តមសេនីយ៍ទោ ហាក់ នី បានជិះរថយន្តឡង់គ្រីស័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ខម០១ .០០៦២ ចូលទៅផឹកស៊ីរួមនឹង មនុស្សប្រុស៣នាក់ទៀត នៅក្នុងហាង បុប្ផាភូមិថ្មី ស្ថិតនៅ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ លុះពេល ផឹកទឹក ប្តូរនិស្ស័យច្រើនទៅ ក៏កើតជាជម្លោះពាក្យសម្តី ជាមួយបុរស៣នាក់នោះ យ៉ាងខ្លាំង រហូតដល់បោកទូរស័ព្ទចោលមួយគ្រឿងទៀតផង។
ក្រោយមកគេ ឃើញ លោកឧត្តមសេនីយ៍ទោ ហាក់ នី បានដើរចេញពីក្នុងហាង ចូលទៅក្នុងរថយន្ត បើកចេញពីហាង បានបន្តិច ក៏ដកកាំភ្លើង បាញ់ឡើងលើ ប្រមាណជិត១០ គ្រាប់រួចចេញបាត់ទៅ។
ប្រភពបង្ហើបឲ្យដឹងបន្តថា ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កន្លែង កើតហេតុសួរនាំ ប៉ុន្តែលោក ហាក់ នី និងបក្ខពួកបាន ចេញឡានទៅបាត់អស់ហើយ។ សមត្ថកិច្ចបានត្រឹមដើរ រើសសំបកគ្រាប់ ធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ប៉ុណ្ណោះ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះ កម្លាំង សមត្ថកិច្ច និង កងរាជអាវុធហត្ថ បានកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកជនដៃដល់ដើម្បីមានវិធានការ តាមផ្លូវច្បាប់។
យើងពុំអាច សុំការបំភ្លឺ ពី លោកឧត្តមសេនីយ៍ ហាក់ នី បានទេ ប៉ុន្តែបើតាមមន្ត្រីនគរបាលខណ្ឌជ្រោយចង្វារឲ្យដឹងថា ពិតជាមានករណីបាញ់បោះសេរីជិត១០គ្រាប់មែន ប៉ុន្តែខាងបញ្ជាការប៉េអិមខណ្ឌជ្រោចង្វារជាអ្នកស្រាវជ្រាវករណីនេះ។
សូមរំលឹកថា កន្លងមកប្រមុខ សម្តេច តេជោ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបាន ប្រកាស ចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះ សេរី ដោយគ្មានការលើកលែង ឡើយបើ ទោះបីជាអ្នកនោះជាអ្នកធំ ឬអ្នកណាក៏ដោយឲ្យតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់។
ករណីនេះ ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ចជំនាញ និងមានចំណាត់ការ ចំពោះជនបង្ក ផ្ទុះអាវុធ បង្កឲ្យមានការ ភ្ញាក់ផ្អើលនេះ ទៅតាមច្បាប់ដើម្បីជាការ ព្រមានទៅមនុស្សដទៃទៀត កុំអាងមាន បុណ្យស័ក្តិ បាញ់បោះសេរី មើលតែប្រទេស គ្មានច្បាប់ទម្លាប់។
បើតាមប្រភពមួយបង្ហើបឲ្យដឹងថា ជនបង្ក គឺមានចរិតឆេវឆាវណាស់ ឲ្យតែស្រវឹង តែងតែបាញ់បោះស្ទើររាល់លើក។
បើទោះបីយ៉ាងណាករណីបាញ់បោះនេះ មិនមានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយគ្រាន់តែមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments