Ad Code

សុះ ម៉ាច ៖ ការបាត់បង់ ​អ្នកគ្រូ គង់ ណា​រី ជា​ការ​បាត់​មរតក​ធ​ន​ធាន​សិល្បៈ​ដ៏​ធំធេង !



​ភ្នំពេញ ​៖​ ដូចដែល​មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា ​ដំណឹង​ នៃ​ការទទួល​មរណភាព​របស់​តារា​សិល្បៈ​ជើងចាស់​ដ៏​មាន​សមត្ថភាព​ និង​ជា​ធនធានមនុស្ស​យ៉ាង​សំខាន់ ​អ្នកគ្រូ គង់ ណា​រី គឺ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន​ពិសេស​អ្នកសិល្បៈ​គ្រប់រូប​មានការ​តក់ស្លុត​ក្នុង​ចិត្តខ្លាំង​។​

មិនតែប៉ុណ្ណោះ ​ក៏បាន​ធ្វើ​ទស្សនិកជន​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ ដោយ​ភាព​សោកស្តាយ​ និង​ក្រៀមក្រំ​បំផុត​នូវ​ការ​បាត់បង់​អ្នក​សិល្បៈ​ជើងចាស់​រូប​នេះ​។​

មិន​ខុសគ្នា​ពី​ទស្សនិកជន​ និង​អ្នកសិល្បៈ​ឯទៀត​នោះទេ​ សម្រាប់​តារាចម្រៀង ​និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​២​អាណត្តិ​ លោក សុះ ម៉ាច ​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ និង​ក្រៀមក្រំ​បំផុត​នៅពេលដែល​ទទួលបាន​ដំណឹង​ នៃ​ការ​ស្លាប់​របស់ ​អ្នកគ្រូ​ គង់ ណា​រី​។ ​ម្យ៉ាងទៀត ​លោក​បាន​ចាត់ទុកថា ​មរណភាព​របស់​អ្នកគ្រូ គង់​ ណា​រី គឺជា​ការបាត់បង់​នូវ​ធនធានមនុស្ស​ដ៏​សំខាន់​ម្នា​ក់​លើ​ផ្នែក​វិស័យ​សិល្បៈ​បច្ចុប្បន្ន​។​

នាឱកាស​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព ​និង​គោរព​វិញ្ញាណក្ខន្ធ​របស់​តារា​ជើងចាស់​អ្នកគ្រូ គង់ ណា​រី តារា​ចម្រៀង​ចាស់​វស្សា​ រក្សា​បាន​ប្រជាប្រិយភាព​ខ្ពស់​ លោក សុះ ម៉ាច បាន​ធ្វើការ​បញ្ជាក់​ប្រាប់​ទៅ​មហាជន​បែបនេះ​ថា ​ការបាត់បង់​អ្នកគ្រូ គង់ ណា​រី ជាការ​បាត់​មរតក​ធ​ន​ធាន​សិល្បៈ​ដ៏​ធំធេង​។

​អ្នកគ្រូ​បានរួម​ចំណែក​ក្នុងការ​បណ្ដុះបណ្ដាល​ថ្នាល​សិល្បៈ​ ដែលជា​ទំពាំង​ស្នង​ឫស្សី​ជាច្រើន​ទម្រង់​ផងដែរ​។​

លោក សុះ ម៉ាច បាន​បន្ថែមទៀតថា​ ខ្ញុំបាទ​សូម​ចូលរួម​សោកស្ដាយ ​និង​រំលែក​នូវ​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួយ​នឹង​ក្រុមគ្រួសារ​របស់​អ្នកគ្រូ និង​សូម​បួងសួង​ សូមឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នកគ្រូ​បាន​ដល់​ឋាន សុគតិភព​កុំបី​ខាន​ឡើយ​។​ រូប​កាយ​របស់​អ្នកគ្រូ​ នឹង​រលាយ​ចាក​ផុតពី​ភពផែនដី​នៅ​ម៉ោង​៩​យប់​(​ថ្ងៃ​ទី​២៣​មករា​)​នេះហើយ​។​

សូមបញ្ជាក់ថា​ សាស្ត្រាចារ្យ​ គង់ ណា​រី ​ដែលជា​គ្រូបង្ហាត់​ចម្រៀង​ដ៏​ល្បី​មួយរូប​ នា​ទសវត្សរ៍​៨០​ បាន​ទទួល​មរណភាព​នា​វេលា ម៉ោង​១​និង​០៥​នាទី​ថ្ងៃត្រង់​ ថ្ងៃទី​២០​ ខែមករា ឆ្នាំ​២០១៩​ ស្ថិតនៅ​មន្ទីរពេទ្យ ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ​។​ សព​របស់​ អ្នកគ្រូ គង់ ណា​រី​ ត្រូវបាន​យក​ទៅ​តម្កល់​នៅ​វត្ត​ស្រះចក ខណ្ឌ​ដូច​ពេញ​ ដើម្បី​បូជា​តាម​ប្រពៃណី​នា​យប់​ថ្ងៃទី​២៣មករា​។​

ជាការ​កត់សម្គាល់​ភ្លាមៗ​ នៃ​កា​រ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះដែរ​ គឺមាន​សិល្បករ​-​សិល្ប​ការិនី និង​សិស្ស​របស់​អ្នកគ្រូ​ជាច្រើន​បានបង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គ្រប់ៗ​គ្នា​ ដោយហេតុថា ​ការបាត់បង់​អ្នកគ្រូ​ គង់ ណា​រី គឺ​ស្មើ​នឹង​ការបាត់បង់​បុគ្គល​ក៏​មាន​តម្លៃ​ម្នាក់ សម្រាប់​បណ្ដុះបណ្ដាល​សិល្បករ​ជំនាន់​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu