Ad Code

មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​០១​ក្រុម ចុះ​បាញ់ថ្នាំ​តាម​ដើមឈើ​ ព័ទ្ធ​យក​ដី​ព្រៃឈើ​ចម្ការ​ធ្នង់​សហគមន៍​ ក្នុង​ឃុំ​ពោធិ រាប់រយ​ហិកតា ​



កំពង់ឆ្នាំង​ ៖ ក្នុងពេល​ថ្មីៗ​កន្លងមកនេះ នៅក្នុង​ព្រៃ​សហគមន៍​ព្រៃឈើ​ពោធិ​ជ្រក ​ជម្រក​រិ​ទ្ឌ​សែន ​មាន​ជាង​២០​ហិកតា ដែលមាន​ចម្ការ​ដើម​ធ្នង់​រាប់​ម៉ឺន​ដើម ស្ថិតនៅ​ក្នុង​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​កំពង់លែង អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​ព្រៃឈើ​ កំពុង​មាន​ការ​ព្រួយបារម្ភ​ ដោយ​បាន​ដឹង​ថា​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម ​បាន​ចុះ​បាញ់ថ្នាំ​សម្គាល់​លើ​ដើមឈើ ​ព័ទ្ធ​យក​ដីព្រៃ​ចម្ការ​ធ្នង់ និង​ដី​ព្រៃ​ភ្នំ រាប់រយ​ហិកតា ដោយ​ស្នើសុំ​ស្ថាប័ន និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជាបន្ទាន់​ផង។​

លោក សឿន លី​ត សមាជិក​សហគមន៍​ព្រៃឈើ​ពោធិ​ជ្រក​ជម្រក​រិទ្ធី​សែន​នៅក្នុង​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍​ស្រុក​កំពង់លែង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ នេះ បាន​នាំ​ក្រុម​អ្នក​កាសែត​យើង​ចុះទៅ​ក្នុង​ព្រៃ​ចម្ការ​ធ្នង់​ ហើយ​បាន​និយាយ​ឲ្យ​​ដឹងថា​ នៅក្នុង​អំឡុង​ពាក់កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៨​កន្លងទៅ​លោក​បានឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​បាន​ជិះ​រថយន្ត​មួយគ្រឿង មក​ឈប់​​នៅក្នុង​ភូមិ​ពោធិ ហើយ​បាន​បង្ហោះ​យន្តហោះ​ដ្រូ​ន ថតរូប​នៅ​លើ​ចម្ការ​ដើម​ធ្នង់​ក្នុងព្រៃ​សហគមន៍ បន្ទាប់មក​ពួកគេ​ក៏បាន​ចាកចេញ​ទៅវិញ​បាត់។​

ក្រោយមក​ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពោធិ បាន​ចុះ​ពិនិត្យ​ព្រៃ​ចម្ការ​ធ្នង់​ ដែល​គ្រប់គ្រង​ដោយ​សហគមន៍ ក៏បាន​ឃើញ​មាន​គេ​បាញ់ថ្នាំ​ពណ៌​ស និង​ពណ៌​ក្រហម​តាម​ដើម​ធ្នង់ ចាប់ពី​ចំណុច​ព្រៃឈើ​ក្រោយ​សាលាឃុំ​ពោធិ៍ អូរ​ថ្ម​ទឹក ដានជើង​តា​ព្រេង ភ្នំ​របង រហូត​ដល់​ថ្នល់​ក្រ ហម ដែលមាន​ប្រវែង​ដី​រាប់​គីឡូ​ដី​ម៉ែត្រ និង​មាន​ទំហំ​ប្រមាណ​រាប់សិប​ហិកតា ដែល​គាត់​ក៏​មិនដឹង​ដែរ​ថា​ តើ​គេ​បាញ់ថ្នាំ​តាម​ដើម​ធ្នង់​ព័ទ្ធ​តាម​ព្រៃឈើ​ខាងលើនេះ ក្នុង​គោលបំណង​អ្វី​នោះ​ឡើយ​។​

ទាក់ទង​នឹង​ករណី​ខាងលើនេះ លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មករា នេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ក៏បាន​ដឹង​ព័ត៌មាន​ដូចខាងលើ​នេះដែរ។ ករណីនេះ​ សហគមន៍​ព្រៃឈើ ក៏ដូចជា​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ស្នើសុំ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ទប់ស្កាត់​ជាបន្ទាន់​ផង ដើម្បី​វែកមុខ​ជនល្មើស និង​បង្ក្រាប​ការទន្ទ្រាន​យក​ដី​ព្រៃ​ចម្ការ​ធ្នង់​របស់​សហគមន៍ ព្រៃឈើ​របស់​រដ្ឋ នៅក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង និង​លោក ហោ ដា​រា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​២៣​មករា​នេះ ​បានឲ្យដឹងថា​ លោក​ក៏​ទើបតែ​ទទួលបាន​ព័ត៌មាន​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៣​មករា នេះដែរ គឺ​នៅពេល​ក្រុម​អ្នក​កាសែត​យើង​សួរ តែ​មិនដឹងថា​រឿងនេះ​ពិតជា​កើតមាន​ពិតមែន ឬ​យ៉ាងណា​នោះទេ។ ពេលនេះ​ លោក​កំពុង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ជាបន្ទាន់​ផងដែរ ​នៅក្នុង​មូលដ្ឋាន ដើម្បី​ស្វែង​ការពិត និង​រកមុខ​សញ្ញា​ជន​សង្ស័យ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu