Ad Code

មន្ត្រី​សឹក​រង​ស្រុក​ម្នាក់ ជាន់​មីន​ស្គរ​ផ្ទុះ​ បែក​ធ្លាយ​កែងជើង​ម្ខាង​



​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់ ដែលមាន​នាទី​ជា​មន្ត្រី​សឹក​រង​ស្រុក​សំឡូត​ បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ រហូត​ធ្លាយ​បែក​កែងជើង​ម្ខាង ដែល​មជ្ឈដ្ឋាន​ខ្លះ​បាន​និយាយថា ខណៈដែល​មន្ត្រី​យោធា​រូបនេះ ចេញ​ប្រតិបត្តិការ​ល្បាត​តាម​ខ្សែបន្ទាត់ ព្រំដែន។​

​ករណី​ផ្ទុះ​គ្រាប់មីន​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង១១និង១៥ នាទីយប់ ត្រង់ចំណុចខាងមុខ​ប៉ុស្តិ៍សារិកា ជិត​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុង​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង។​

​ជាក់ស្តែង​នៅនឹងកន្លែង​កើតហេតុ គេ​សង្កេត​ឃើញថា មាន​ទាហាន​ផ្នែក​សឹក​រង​ស្រុក​ម្នាក់​ ឈ្មោះ សាយ ពៅ ភេទ​ប្រស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត បាន​ដើរ​ជាន់​ទៅលើ​គ្រាប់មីន ដែល​គេ​សន្និដ្ឋានថា​ ជា​ប្រភេទ​មីន​ស្គរ បណ្តាលឲ្យ​ផ្ទុះ​បែក​ធ្លាយ​កែងជើង​ខាងឆ្វេង​ម្ខាង។​

​បើតាម​ប្រភព​មួយចំនួន​ផ្សេងទៀត​បាន​និយាយថា គេ​សង្ស័យ​មិន​មែន​ជា​រឿង​ដើរល្បាត​នោះ​ទេ ព្រោះ​ជិត​ពាក់កណ្ដាល​អធ្រាត្រ​ទៅ​ហើយ ការដើរ​ថ្មើរ​ហ្នឹង​ ភាគច្រើន​គឺ​អាច​ជា​ការ​ដើរ​ឆ្លុះ​សត្វ ឬក៏​ដើរ​រុករក​បទល្មើស​តាម​ខ្សែបន្ទាត់​តែប៉ុណ្ណោះ។​

​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ ដោយ​មិនទាន់​ដឹងថា តើ​ជើង​ម្ខាង​នេះ​ត្រូវ​កាត់ចោល​ដែរឬទេ?៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu