Ad Code

ចុះ​កាប់​ឫស្សី​ក្នុង​អូរ ជាន់​គ្រាប់មីន​ដែល​នៅ​សេសសល់ ផ្ទុះ​ស្លាប់​ម្នាក់​



​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដែល​សព​ស្ទើរ​មើល​មិន​យល់ ខណៈដែលបាន​ចុះ​ទៅ​កាប់​ឫស្សី​នៅ​ក្នុង​មាត់​អូរ ហើយ​បាន​ជាន់​ទៅលើ​គ្រាប់មីន​ខ្យល់ ដែលជា​ប្រភេទ​មីន​ប្រឆាំង​នឹង​រថ​ក្រោះ បណ្តាលឲ្យផ្ទុះឡើង ធ្វើឲ្យ​​រាងកាយ​ខ្ទេចខ្ទី​ស្ទើរ​គ្មាន​សល់។​

​ករណីនេះ​បានកើត​ឡើង ​កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២និង​២០​នាទី​រសៀល នៅ​ចំណុច អូរ​តា​ចាន់ ស្ថិតនៅ​ភូមិ​ផ្លូវ​មាស ឃុំផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ចន្លោះ​ពី​ភ្នំ​ចម្បាំង ​ប្រមាណ​ជាង​៥០០​ម៉ែត្រ​ ដែល​បង្ក​ជា​សំឡេង​លាន់ឮ​កក្រើក​ព្រះធរណី។​

​នៅក្នុង​ករណី​ផ្ទុះ​គ្រាប់មីន​នេះដែរ គឺ​គេ​សង្កេត​ឃើញថា មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ពេលដែល​គេ​ចុះទៅ​កាប់​ឫស្សី​នៅ​មាត់​អូរ ដែល​ជនរងគ្រោះ​មានឈ្មោះ សែម សារី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ។​

លោក​អធិការ សន និល បាន​បញ្ជាក់ថា ទីតាំង​ខាងលើនេះ កាលពី​អតីតកាល​គឺជា​តំបន់​សមរភូមិ​ដ៏​ក្តៅគគុក និង​ជា​តំបន់​ប្រទាញប្រទង់​គ្នា រវាង​កងទ័ព​រដ្ឋាភិបាល​ជាមួយនឹង​ទ័ព​ខ្មែរក្រហម​ផង​ដែរ ដូច្នេះ​ហើយ​បានជា​នៅ​តំបន់​នេះ នៅមាន​សេសសល់​គ្រាប់មីន​ប្រភេទ​នេះ ដែល​គេ​ហៅថា ប្រភេទ​មីន​ខ្យល់ សម្រាប់​ប្រឆាំង​រថក្រោះ និង​រថពាសដែក។​

​បច្ចុប្បន្ន​ សព ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចូលទៅ​យកមក​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​រួចហើយ ដើម្បី​រៀបចំ​ធ្វើបុណ្យ ហើយ​លោក​អធិការ​ក៏បាន​ទាក់ទង​ទៅ​អង្គភាព ស៊ីម៉ាក់ ខេត្ត​ដែរ ដើម្បី​ចុះ​ស្រាវជ្រាវ និង​រុករក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅសល់​ក្នុង​តំបន់​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu