Ad Code

អភិបាល​ខេត្ត​ស្ទឹងត្រែង ​បញ្ជា​កម្លាំង​សមត្ថកិច្ច​ចុះ​ចាត់វិធានការ​ទៅ​លើ​អ្នកសារព័ត៌មាន​ តាម​ដងផ្លូវ​មិន​បាន​គោរព​វិជ្ជាជីវៈ​



ស្ទឹងត្រែង​ ៖ ​ស្ថិត​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ លោក​ ម៉ុម​ សារឿន​ អភិបាលខេត្ត​ស្ទឹងត្រែង​ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ វ៉ា​ សុផាន់​ នាយការិយាល័យ​ផែន​ប្រឆាំង​បទល្មើស​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ​៧៨ ​ត្រង់​ចំណុច​អូរ​ពងមាន់ ​ចុះ​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ក្រុម​អ្នកយកព័ត៌មាន​ចំនួន​៧​នាក់ ដែល​មិន​បាន​គោរព​វិជ្ជាជីវៈ​ចត​ឡាន​តាម​ដង​ផ្លូវ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី២៤ ខែ​មករា​ ឆ្នាំ២០១៩ តាម​ដង​ផ្លូវ​ជាតិ​លេខ៧៨ និង​ផ្លូវជាតិ​លេខ៧ ចំណុច​អូរ​ពងមាន់ ​ស្ថិត​ក្នុង​ភូមិ​រាជានុកូល ​សង្កាត់ ក្រុង ខេត្ត​ស្ទឹងត្រែង។

លោក​វរសេនីយ៍ឯក​ វ៉ា​ សុផាន់ ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹងថា​ ដោយ​ឃើញថា​ភាព​អនាធិបតេយ្យ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​មាន​រថយន្ត​អ្នកកាសែត​មួយ​ចំនួន​ដែល​មិន​បាន​គោរព​ទៅតាម​វិជ្ជាជីវៈ​ចត​ឡាន​នៅតាម​ដងផ្លូវ​យប់ៗ​ជាច្រើន​គ្រឿង​ រង់ចាំ​ដេញ​រថយន្ត​អ្នក​ដំណើរ ដែល​សង្ស័យថា​ ដឹក​បទល្មើស​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ទីនេះ​យ៉ាង​ខ្លាំង​។​

លោក​វរសេនីយ៍ឯក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​អ្នកកាសែត​ ត្រូវគោរព​វិជ្ជាជីវៈ​អ្នក​ដែល​ចូលមក​យក​ព័ត៌មាន​ក្នុង​ខេត្ត​ ត្រូវតែ​យក​ប័ណ្ណ​ព័ត៌មាន​ចុះបញ្ជី​នៅក្នុង​មន្ទីរ​ព័ត៌មាន​ឲ្យ​បានដឹងថា ​ចុះមក​យក​ព័ត៌មាន​នៅក្នុង​ខេត្ត​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ចុះ​យក​ព័ត៌មាន​ក្នុង​ខេត្ត​ក្នុងការ​អភិវឌ្ឍ​ និង​ការ​រីកចម្រើន​របស់​រាជរដ្ឋាភិបាល​ និង​យក​ព័ត៌មាន​កែតម្រូវ​ស្ថាបនា​នៅ​ចំណុច​ខ្វះខាត​ណាមួយ​ដែល​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដើម្បីឲ្យ​រីកចម្រើន​ មិនមែន​ចុះមក​យក​ព័ត៌មាន​ចត​ឡាន​នៅតាម​ដងផ្លូវ​ចាំតែ​ដេញ​រថយន្ត​នោះទេ​។​

លោកនាយ​ការិយាល័យ​បន្តថា​ លោក​មិន​ហាមឃាត់​ក្នុង​ការយក​ព័ត៌មាន​នោះ​ទេ តែ​ព័ត៌មាន​ដែល​ត្រូវ​យក​នោះ​ គឺ​អ្វី​ដែលមាន​ហេតុការណ៍​កើតឡើង​ ត្រូវតែ​ចុះ​ទៅយក​ព័ត៌មាន​ ​មិនមែន​គ្មាន​ហេតុការណ៍​ហើយ​នាំគ្នា​ចត​ឡាន​តាម​ដងផ្លូវ​សាធារណៈ​រង់ចាំ​យក​ព័ត៌មាន​ទេ ​តែ​បើ​ធ្វើ​បែបនេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ជាខ្លាំង​។​

លោក​ថា​ នៅ​យប់​ថ្ងៃទី​២៤​មករា​នេះ ​កម្លាំង​របស់​លោក ​បាន​ចុះទៅ​ណែនាំ​អ្នកយកព័ត៌មាន​ចំនួន៧ នាក់​ ដែល​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​ចត​រថយន្ត​នៅ​តាម​ដង​ផ្លូវ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ​នៅ​ចំណុច​អូរ​ពងមាន់​ ចំណុច​គីឡូម៉ែត្រ៨ ​និង​បាន​ធ្វើ​ការអប់រំ​ និង​ណែនាំ​ជា​លើក​ទី១ហើយ​ លោក​បាន​ទទួល​បញ្ជា​ពី​លោក​ច្រឹង​ខ្មៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​រួចហើយ​ បើ​សិន​អ្នក​កាសែត​មិន​គោរព​តាម​វិជ្ជាជីវៈ​លើក​ទី២​នោះ​ទេ សមត្ថកិច្ច​នឹង​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu