Ad Code

រិ​ទ្ធ ភូ​លូ ជួប​ថៃ Loom Leng ឯ ហេង សំរាំង ជួប​អ៊ីរ៉ង់ Matin នៅ​សង្វៀន​SEATV



រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជើងចាស់​Loom Leng ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​១០​លើក និង​ឡាវ​២​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​១១ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ​ក្នុង​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​១០​នោះ ភូ​លូ វាយ​ឈ្នះ​៨ លើក​និង​ចាញ់ ២ លើក​ប៉ុណ្ណោះ។​

ភូ​លូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៥៩​លើក ក្នុងនោះ​វាយ​ឈ្នះ​៤២​លើក ចាញ់​១៣ លើក និង​ស្មើ ០៤​លើក​ហើយ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៨​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិន​ដឹង​ថា ភូ​លូ អាច​យកឈ្នះ Loom Leng បាន​ឬក៏​អត់​នោះទេ​?។​
​ ​
Loom Leng ជា​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ គេ​មាន​ស្នៀត​ទាត់ និង​កណ្តាប់ដៃ​ល្អ។ ដូច្នេះ រិ​ទ្ធ​ភូ​លូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្ដូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជា​មួយនឹង​ជ័យជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​រិ​ទ្ធ ភូ​លូ និង Loom Leng តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​នេះ?។​

ចំពោះ ហេង សំរាំង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់ Matin​។ សំរាំង អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា និង​អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

ជា​លើក​ទី​៣​ហើយ បន្ទាប់ពី​រូបគេ​វិល​មកកាន់​សង្វៀន​វិញ ហើយ​ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជា​មួយ​បរទេស​នេះ។

ហេង សំរាំង ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃ ច្រើន​លើក​ណាស់​មកហើយ កាលពី​គេ​នៅមាន​ឈ្មោះ​បោះ​សំឡេង។ តែ​ពេលនេះ គេ​មិន​ដូច​ពីមុន​នោះទេ ដោយសារ​គេ​ចាស់ ឡើង​ទម្ងន់ គួបផ្សំ​គេ​ស្ទើរ​កម្ពស់​ផង ធ្វើឲ្យ​ការប្រកួត​ជាមួយ​បរទេស ពិបាក​សង្ឃឹម​ឈ្នះ។

យ៉ាងណា ប៉ះ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ដែល​ទើប​ប្រកួត​បាន​២១​លើក ឈ្នះ​១៧​លើក ចាញ់​០៤​លើក ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ ហេង សំរាំង ក៏​ប្រហែល​ត្រូវ​ប្រឈម​ការ​លំបាក​រឿង​ចាញ់​កម្ពស់​ហើយ ព្រោះ​អ្នក​ប្រដាល់​រុស្សី មក​លើក​នេះ មាន​កម្ពស់​ខ្ពស់​ជាង​ប្រមាណ​ជិត​១​តឹក​ឯណោះ គឺ​១,៧៨​ម៉ែត្រ ខណៈ​ដែល​ខ្លួន​គេ​កម្ពស់​១,៧០​ម៉ែត្រ។ តែ​យ៉ាងណា ​ដោយសារ​គេ​មានចិត្ត​ប្រដាល់​ធំ​នោះ សង្ឃឹមថា​ ហេង សំរាំង នឹង​យកឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​បាន​មិន​ខាន​។ ​សំរាំង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១០២​លើក ឈ្នះ​៧០​លើក ចាញ់​២៨​លើក និង​ស្មើ​០៤​លើក។​

Matin គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។ យ៉ាងណា អ្នក​ប្រដាល់​អ៊ីរ៉ង់​រូប​នេះ គេ​ខ្លាំង​គួរសម​ដែរ ដោយសារ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់។ យ៉ាងណា ប៉ះ​ជាមួយ​ហេង សំរាំង Matin ក៏​មិន​ជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា ​សំរាំង ​គេ​វាយ​បុក​ខ្លាំង កណ្ដាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាង​ណា សំរាំង ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំ​មើល តើ ​ហេង សំរាំង អាច​យក​ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ​បាន​ឬ​អត់​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu