Ad Code

កូន​ប្រសា​ជនរងគ្រោះ​ សង្ស័យ​លើ​ករណី​ធ្វើ​ទារុណកម្ម​ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ ទើប​បណ្ដាលឲ្យ​ឪពុកក្មេក​ខ្លួន​ស្លាប់



កំពត ៖ ទោះបី​ឪពុកក្មេក​របស់ខ្លួន​បាន​ស្លាប់​ដែល​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ បណ្តាលមកពី​ជិះ​ម៉ូតូ​ប៉ះ​អ្នក​ថ្មើរជើង ​រួច​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ​ដោយ​ផ្តោតលើ​តឹកតាង​គ្រប់គ្រាន់​ក្តី រយៈពេល​ជិត​មួយខែ​មកនេះ កូនប្រសា​សព​ កំពុង​ចិញ្ចឹមចិត្ត​សង្ស័យ​លើ​ករណី​មាន​អ្នកធ្វើ​ទារុណកម្ម​ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ ទើប​បណ្ដាលឲ្យ​ជនរងគ្រោះ​បាត់បង់​ជីវិត​។​

បុរស ​ឈ្មោះ​ គាត ណុន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​បាន​រៀបរាប់​នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩​ ថា កាលពី​យប់​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ ឪពុកក្មេក​របស់ខ្លួន ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅលើ​ដងផ្លូវ​ក្នុងភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​។

សមត្ថកិច្ច​សន្និដ្ឋានថា​ ការ​ស្លាប់​របស់​គាត់​បណ្ដាល​មកពី​ជិះ​ម៉ូតូ​ប៉ះ​ក្មេង​ស្រី រួច​ដួល​បោក​ក្បាល​នឹង​ផ្លូវថ្នល់។ ប៉ុន្តែ​ខ្លួន​មិន​អស់ចិត្ត​សោះ ព្រោះ​ជា​ធម្មតា​គាត់​មិនដែល​បើក​ម៉ូតូ​លឿន​ទេ ហើយ​ទំហំ ​នៃ​ម៉ូតូ​ខូច​ខុសគ្នា​នឹង​ស្លាក​ស្នាមរបួស​ក្បាល​ដែល​នាំ​ឲ្យ​គាត់​ស្លាប់​។ បុរស​ដដែល​បាន​បន្តថា​ ចំណែក​ក្មេងស្រី​មាន​របួស​លើ​ខ្នង និង​ក្បាល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ នេះ​អាច​មក​ពីក្រោយ​កើតហេតុ​មាន​អ្នកធ្វើ​ទារុណកម្ម​លើ​ឪពុកក្មេក​របស់​ខ្លួន​ ទើប​បណ្ដាលឲ្យ​គាត់​ស្លាប់​បែបនេះ​។ ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿងរ៉ាវ​ឡើងវិញ​។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​ សេង សុគន្ធ​ចាត់ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ ពោល​គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ កូនប្រសា​សព​បាន​ទូរស័ព្ទ​មក​លោក​ ដោយ​ប្រាប់ថា​ សង្ស័យ​មកពី​រឿង​ផ្សេង​។ ក្នុង​ស្ថានភាព​បែបនេះ លោក​ក៏បាន​ឲ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ នៃ​អធិការដ្ឋាន​ស្រុក​ចុះ​ធ្វើ​ការងារ​យ៉ាង​ល្អិតល្អន់​រហូត​រក​ឃើញ​ថា ​ករណី​នោះ​បណ្តាល​មកពី​ជនរងគ្រោះ​ដួល​ម៉ូតូ រួច​ធ្លាក់​បោក​ក្បាល​ទៅនឹង​ជង្ហុក​នៅ​លើ​ថ្នល់​ដោយ​មិនមាន​អ្នកណា​ធ្វើ​ទុក​បុក​ម្នេញ​អ្វី​លើ​គាត់​ទេ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រុមការងារ​បាន​ស្រាវជ្រាវ​តាំងពី​ដំណើរ​ដំបូង ​នៃ​ថ្ងៃ​កើតហេតុ គឺ​បុរស​រង​គ្រោះ​ជុំ​គ្នា​ផឹកស៊ី​នៅផ្ទះ​មិត្តភ័ក្ដិ​តាំងពីព្រឹក​ព្រលឹម​រហូតដល់​យប់​ ក៏​ស្រវឹង​ទប់ខ្លួន​ស្ទើរ​មិន​នឹង​ទៅ​ហើយ​។ លុះ​ពេល​ចាប់ផ្ដើម​ចេញពី​វង់​ផឹក មិត្តភ័ក្ដិ​គ្រប់គ្នា​បាន​ហាមឃាត់​មិន​ឲ្យ​ជិះ​ម៉ូតូ​ទេ​ តែ​គាត់​មិន​ស្តាប់​ឡើយ​។​

លោក សេង សុគន្ធ​ចាត់ បាន​បន្តថា នៅក្បែរ​កន្លែង​គ្រោះថ្នាក់​នោះ​ ក៏មាន​ផ្ទះ​របស់​អនុប្រធាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្នាក់​ដែរ ដោយ​កាល​កើតហេតុ​បាន​ទាំង​ចូល​ទៅ​ជួយ ហើយ​ធ្វើ​សាក្សី​ពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​សំណូមពរ​សាច់ញាតិ​សព​នោះ​ផង​។ ម្យ៉ាងទៀត​ក្រោយ​សន្និដ្ឋាន​អំពី​មូលហេតុ​ នៃ​ការស្លាប់​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ សមត្ថកិច្ច​បញ្ជាក់​ថា បើ​មិន​អស់​ចិត្ត​ចំពោះ​ការស្រាវជ្រាវ​នេះ អធិការដ្ឋាន​ស្រុក​នឹង​ស្នើ​ទៅ​ស្នងការដ្ឋាន​ដើម្បី​បញ្ជូន​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត​ចុះ​ធ្វើ​ការងារ​ឡើងវិញ​។ ថ្ងៃនោះ​ក្រុមគ្រួសារ​រងគ្រោះ រួមទាំង​សាមីខ្លួន​ ដែល​កំពុង​ដាក់​ការ​សង្ស័យ​លើ​ករណី​ផ្សេង​នេះ ​ក៏បាន​ផ្តិតមេដៃ​យល់ព្រម​ថា​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែរ​។

លោក​អធិការ​បាន​សម្តែង​ការសង្ស័យថា​ ករណី​នេះ​អាច​ក្នុង​បំណង​បំពុល​បរិយាកាស​សង្គម​ក៏​ថា​បាន​។​ សូម​រម្លឹកថា កាលពី​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បណ្តាល​ឲ្យ​​បុរស​ម្នាក់​បាត់​បង់ជីវិត​នៅ​នឹងកន្លែង​។ ករណីនេះ​សមត្ថកិច្ច​បញ្ជាក់​ថា ​បុរស​រងគ្រោះ​បាន​បើក​ម៉ូតូ​ទាំង​កំពុង​ស្រវឹង រួច​រេ​ចង្កូត​ប៉ះ​អ្នក​ថ្មើរជើង​លើ​ចិញ្ចើមផ្លូវ​បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ដោយ​ខ្លួនឯង​តែម្ដង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu