Ad Code

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរលួច​០៤​នាក់ ទៅ​តុលាការ​



ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្ដន្ទាទោស ក្នុង​នោះ​មាន​០៣​នាក់​ជា​ចោរលួច​ម៉ូតូ និង​០១​នាក់ ជា​ចោរលួច​អាគុយ​ឡាន​។

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​០៤​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ឃាត់​ខ្លួន​ជាក់ស្ដែង​បាន​ កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ​១/ ឈ្មោះ ជុំ បូរ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ,២/ ឈ្មោះ វ​ណ្ណី នុត ហៅ​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ,៣/​ឈ្មោះ លី មករា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។

ពួកគេ​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​មានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវ​ជ្រាវ និង​ឃាត់ខ្លួន​បាន ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង ម៉ាក MSX ពណ៌ស ស្លាក​លេខ តាកែវ 1K-3226 ជា​របស់​ជនរងគ្រោះ​ឈ្មោះ ចាន់ វាស្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

ចំណែក ជនសង្ស័យ​ ទី​៤/ ឈ្មោះ សេន សា​គី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី នៅ​ចំណុច ក្នុង​ការដ្ឋាន​មួយ​កន្លែង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ បាន​ធ្វើ​សកម្មភាព​លួច​ដោះ​អាគុយ​អា​ប៊ុល​ឈូស​ដី នៅក្នុង​ការដ្ឋាន​មួយកន្លែង ចំណុច​ខាងលើ ក្នុងពេល​រូបគេ​ធ្វើ​សកម្មភាព​នោះ ស្រាប់​តែមាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃើញ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu