Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៨​មករា ​កើតឡើង​១២​លើក ​ស្លាប់​៥​នាក់​ របួសធ្ងន់​ស្រាល​២០​នាក់​



ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១២​លើក ( យប់​៩​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ ( ស្រី ២​នាក់ ) រងរបួស​ធ្ងន់ ១២​នាក់ ( ប្រុស ) និង​រងរបួស​ស្រាល​៨​នាក់ ( ស្រី​៥​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១១​នាក់ ( យប់១១​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប២២​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន៩​គ្រឿង រថយន្ត​ធុន​តូចចំនួន៦​គ្រឿង រថយន្ត​ធុន​ធំ ចំនួន៤​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៣​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៦​លើក ( ស្លាប់៣​នាក់ ) , មិន​ប្រកាន់​ស្តាំ១​លើក ( ស្លាប់១​នាក់ ) , មិន​គោរព​សិទ្ធិ៣​លើក , ប្រជែង​គ្រោះថ្នាក់១​លើក ( ស្លាប់១​នាក់ ) និង​បត់​គ្រោះថ្នាក់១​លើក ។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​រួមមាន ផ្លូវជាតិចំនួន៥​លើក និង​ផ្លូវ​ខេត្តចំនួន៧​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ​ចំនួន២​លើក រថយន្ត​ធុន​តូច ចំនួន​៣​លើក រថយន្ត​ធុន​ធំ​ចំនួន​៤​លើក និង​យាន​ផ្សេងៗ ចំនួន​៣​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ៥​លើក ស្លាប់​១​នាក់ របួស​១៤​នាក់ ខេត្តកំពង់ស្ពឺ២​លើក ស្លាប់១​នាក់ របួស២​នាក់ ខេត្តបន្ទាយមានជ័យ១​លើក ស្លាប់១​នាក់ ខេត្តស្វាយរៀង១​លើក ស្លាប់១​នាក់ និង​ខេត្តកណ្តាល១​លើក ស្លាប់១​នាក់ របួស១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ កើតឡើង​៩៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣៩​នាក់ របួស​សរុប​២០២​នាក់ ក្នុង​នោះ​របួសធ្ងន់​១១៩​នាក់ និង​រងរបួស​ស្រាល​៨៣​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu