កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង៦០០គ្រួសារ រស់នៅភូមិកង្កែប និងភូមិធ្លក ក្នុងឃុំច្រណូក ស្រុកកំពង់លែង កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះដីស្រែប្រាំងរបស់ពួកគាត់ជាង២ពាន់ហិកតា នៅចំណុចបឹងខ្នើយសើយ និងគោគព្រះ កំពុងខ្វះខាតទឹកស្រោចស្រព។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ ប្រឡាយទឹកមកពីបឹងខ្នើយសើយ ជាបឹងដែលពួកគាត់បូមទឹកដាក់ស្រែ ត្រូវបានគោករីងអស់តែម្ដង ទើបពួកគាត់នាំគ្នាចុះចាប់ត្រី។
នៅក្នុងបញ្ហានេះ លោក ឆែម សាខន មេភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង នៅល្ងាចថ្ងៃទី២៣ មករានេះ បានឲ្យដឹងថា ទឹកនៅបឹងខ្នើយសើយ ដែលប្រជាពលរដ្ឋ តែងបូមស្រោចស្រពស្រែប្រាំងជារៀងរាល់ឆ្នាំ បានគោករាក់ជាបណ្ដើរៗ ដោយសារតែមមោក កើតច្រើនពេក និងម្យ៉ាងទៀតដោយ សារតែប្រជាពលរដ្ឋមានដីស្រែប្រាំង នៅជុំវិញបឹងនោះ ចេះតែពង្រីកផ្ទៃដីមួយឆ្នាំបន្តិចៗ ធ្វើឲ្យតម្រូវការទឹកដាក់ស្រែមានចំនួនកើនឡើងដែរ ហើយនៅក្នុងឆ្នាំមុនៗ មិនដូចឆ្នាំនេះទេ គឺឆាប់រីងដាច់ទឹកតែម្ដង ដូចឃើញស្រាប់ ក្នុងប្រឡាយដៃបឹងនេះ ប្រជាពលរដ្ឋនាំគ្នាចាប់ត្រី ព្រោះអស់ទឹកពីក្នុងបឹងទៅហើយ។
លោកមេភូមិបានបញ្ជាក់ថា អ្នកធ្វើស្រែនៅចំណុចនេះ មានអ្នកភូមិច្រណូក មានជាង៤០០គ្រួសារ បូកនឹងភូមិកង្កែបទៀត គឺច្រើនគ្រួសារដែរ ដោយមានផ្ទៃដីស្រែប្រាំងជាង២ពាន់ហិកតា។ ហេតុនេះដើម្បីបានទឹកត្រូវស្តារប្រឡាយពីចំណុចអូរក្រប៉ែតទម្លាក់ចូលបឹងខ្នើយសើយ។ ប្រសិនបើគ្មានការស្តារប្រឡាយនោះទេ ពេលបូមទឹកដាក់ចូលប្រឡាយវានឹងហូរបាចសាច មិនធ្លាក់ដល់បឹងខ្នើយសើយឡើយ។
ដោយឡែក កាលពីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបាននាំគ្នាទៅផ្ទះរបស់គាត់ដើម្បីសុំឲ្យគាត់ធ្វើសំណើផ្តិតមេដៃប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរខេត្តជួយស្តារប្រឡាយមួយខ្សែនៅចំណុចខាងលើនេះ។ ដូចនេះ ក្នុងនាមលោក ជាមេភូមិតំណាងប្រជាពលរដ្ឋ គោរពស្នើសុំទៅអាជ្ញាធរស្រុក ខេត្ត ពិសេសមន្ទីរពាក់ព័ន្ធ សូមមេត្តាជួយស្ដារប្រឡាយ១ខ្សែ ពីចំណុចអូរក្របែត ទម្លាក់មកបឹងខ្នើយសើយនេះផង ទើបស្រូវក្នុងស្រែរបស់ប្រជាពលរដ្ឋជាង២ពាន់ហិកតា អាចទទួលផលបានល្អប្រសើរ បើពុំនោះទេ ស្រូវមួយចំនួនធំ នឹងខ្វះទឹកស្វិតគ្រាប់ ឬងាប់ខាតបង់មិនខានឡើយ។
ទាក់ទងនឹងសំណូមពរខាងលើនេះ លោក សុខ រិន ប្រធានការិយាល័យកសិកម្មស្រុកកំពង់លែងបានឲ្យដឹងថា លោកនឹងចុះសិក្សាអំពីការស្នើសុំខាងលើនេះ ដើម្បីរាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹកជួយអន្តរាគមន៍ ដោះស្រាយជូនប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments