ប៉េកាំង ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកយកវឌ្ឍនភាពវិស័យពាណិជ្ជកម្មជាតិ បង្ហាញជូនវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៩ ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃអង្គា ទី២២ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានអញ្ជើញចូលរួមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ព្រមទាំងវិស័យឯកជន សរុបជាង៨០០នាក់។
នៅក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនសម្ដេចតេជោ និងអង្គវេទិកាទាំងមូល អំពីវឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន ដែលកាលពីឆ្នាំ២០១៧ ដែលសម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ ព្រមទាំងផែនការបង្កើនឲ្យបានដល់ ៦ប៊ីលានដុល្លារ នៅឆ្នាំ២០២០ និង ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតាមទីក្រុងធំៗ នៃប្រទេសចិន ដូចជា ៖ ក្វាងចូវ, ហាយនីង, ស៊ីអាន និងហុងកុង ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ នៃប្រទេសទាំងពីរ ហើយនៅថ្ងៃខាងមុខ ក្រសួងពាណិជ្ជកម្ម ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលនេះថែមទៀត នៅទីក្រុងប៉េកាំង, គុនមីង, និងទីក្រុងផ្សេងៗទៀតផងដែរ។
សូមជម្រាបថា វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគកម្ពុជា-ចិន គឺជាជំនួបល្អបំផុតសម្រាប់វិស័យឯកជន ដើម្បីទទួលបានអនុសាសន៍ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយក៏ជាឱកាសសម្រាប់វិនិយោគិនចិន ក្នុងការស្វែងយល់អំពីគោលនយោបាយ និងវិស័យសក្ដានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្ម និងវិនិយោគទុន ស្របតាមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន។
កន្លងមក ដោយមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានរៀបចំវេទិកាជំរុញពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ ជាច្រើនលើក នៅតាមទីក្រុងធំៗនៃប្រទេសចិន ដូចជា ៖ ណាននីង, ប៉េកាំង, ហានចូវ, ម៉ាកាវ, ធានជីន, ហុងកុង និងក្វាងចូវ។ នៅក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី នៅក្នុងវេទិកានេះចំនួនបីលើក គឺ ៖ លើកទី១ នៅទីក្រុងណាននីង (ឆ្នាំ២០១៦) លើកទី២ នៅទីក្រុងប៉េកាំង (ឆ្នាំ២០១៧) និងលើកទី៣ នៅទីក្រុងប៉េកាំង ដដែល (ឆ្នាំ២០១៩) ដែលបាននិងកំពុងប្រព្រឹត្តិទៅនាពេលនេះ៕
Source: Kampuchea Thmey Daily
0 Comments