Ad Code

អតីត​អភិបាលក្រុង​ហ្សា​ការ​តា ​ត្រូវបាន​ដោះលែង ​បន្ទាប់ពី​ជាប់ទោស​ពី​បទ​ប្រមាថ​ព្រះ



អតីត​អភិបាលក្រុង​ហ្សា​ការ​តា ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​រយៈពេល​ជិត​២​ឆ្នាំ​ក្រោយពេល​គាត់​ ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រមាថ​មើលងាយ​ព្រះ​ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​ការ​មិន​អត់ឱន​ផ្នែក​សាសនា​នៅ​ក្នុង​ប្រទេស​ ដែល​មាន​ប្រជាជន​មូស្លីម​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ។

​លោក Basuki Tjahaja Purnama ដែលជា​អភិបាល​រដ្ឋធានី​មិនមែនជា​ជន​មូស្លីម​ដំបូង​គេ​នៅក្នុង​រយៈពេល​ពាក់កណ្តាល​សតវត្សរ៍​និង​ជា​មេដឹកនាំ​ជនជាតិដើម​ភាគតិច​ចិន​ដំបូង​គេ​គឺជា​អ្នកនយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ដែល​បានទទួល​ការកោតសរសើរ​សម្រាប់​ការព្យាយាម​របស់គាត់​ក្នុងការ​សម្អាត​ទីក្រុង​ដែល​ស្ទះ​ចរាចរ​និង​ការបង្ក្រាប​អំពើពុករលួយ​។​

ប៉ុន្តែ​ការដួលរលំ​របស់គាត់​បានកើត​ឡើង​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​គាត់​បញ្ចេញ​មតិយោបល់​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​គាត់​ត្រូវគេ​ចោទប្រកាន់ថា​ប្រមាថ​សាសនា​ឥស្លាម​។​
​សុន្ទរកថា​របស់គាត់​បាន​បង្ក​ការភ្ញាក់ផ្អើល​តាម​អ៊ី​ន​ធើ​ណិ​ត​ហើយ​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ហ្សា​ការ​តា​ដែល​ដឹកនាំ​ដោយ​ក្រុម​រ៉ាឌីកាល់​ប្រឆាំងនឹង​មេដឹកនាំ​មិនមែន​ជន​មូស្លីម​រូបនេះ​និង​ត្រូវបាន​លើកទឹកចិត្ត​ដោយ​គូប្រជែង​នយោបាយ​របស់គាត់​។​

គាត់​បាន​ចាញ់​ការបោះឆ្នោត​ក្រោម​ថ្វីដៃ​របស់​គូប្រជែង​ដែលជា​អ្នក​កាន់សាសនា​ឥស្លាម​ហើយ​បន្ទាប់មក​គាត់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ក្នុង​ខែឧសភា​ឆ្នាំ​២០១៧​។​

វា​ជាការ​ផ្តន្ទាទោស​ឃោ​ឃៅ​ខុសពី​ធម្មតា​ខណៈ​រដ្ឋអាជ្ញា​បានផ្តល់​អនុសាសន៍​ចំពោះ​ការព្យួរទោស​សម្រាប់​បុរស​វ័យ​៥២​ឆ្នាំ​រូបនេះ​។​

ករណី​របស់គាត់​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​អន្ដរជាតិ​និង​រលក​នៃ​ការរិះគន់​រាប់បញ្ចូល​ទាំងពី​អង្គការសហប្រជាជាតិ​ផងដែរ​ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​ដែលមាន​ប្រជាជន​២៦០​លាន​នាក់​មួយ​នេះ​ត្រូវ​កែប្រែ​ច្បាប់​ប្រមាថ​សាសនា​ដែលមាន​អាយុកាល​រាប់​ទសវត្ស​របស់ខ្លួន​។​

ច្បាប់​ប្រមាថ​សាសនា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បានចែង​ថា នរណាម្នាក់​ដែល​រកឃើញថា​មាន​កំហុស​ពីបទ “​បញ្ចេញមតិ​អរិភាព​” ចំពោះ​សាសនា​អាច​ជាប់ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu