គ្រួសាររាជវង្សរបស់ប្រទេសម៉ាឡេស៊ីនឹងជ្រើសរើសព្រះមហាក្សត្រមួយអង្គនៅថ្ងៃព្រហស្បតិ៍ក្រោយពេលព្រះមហាក្សត្រចុងក្រោយបានដាក់រាជ្យបន្ទាប់ពីការរៀបអភិសេករបស់ព្រះអង្គជាមួយអតីតបវរកញ្ញារុស្ស៊ីដោយស្តេចស៊ុលតង់ចូលចិត្តកីឡាប្រហែលជាទទួលបានតំណែងនេះ។
ស្តេចស៊ុលតង់ Muhammad ទី៥បានលាលែងក្នុងខែនេះបន្ទាប់ពីគ្រងរាជ្យបល្ល័ង្ករយៈពេលពីរឆ្នាំក្រោយមានរបាយការណ៍លេចឡើងថា ព្រះអង្គបានរៀបអភិសេកជាមួយអតីតបវរកញ្ញាក្រុងមូស្គូខណៈពេលព្រះអង្គកំពុងសម្រាកពិនិត្យព្រះរាជសុខភាព។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងប្រទេសម៉ាឡេស៊ីចំពោះការដាក់រាជ្យជាលើកដំបូងរបស់ព្រះមហាក្សត្រនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសមូស្លីមភាគច្រើនមួយនេះ។
អ្នកដែលទំនងជានឹងជំនួសទ្រង់គឺព្រះអង្គស៊ុលតង់ Abdullah នៃរដ្ឋ Pahang ដែលព្រះអង្គបានកាន់មុខតំណែងជាច្រើនលើស្ថាប័នកីឡារួមទាំងក្រុមប្រឹក្សាភិបាលនៃស្ថាប័នបាល់ទាត់ពិភពលោក FIFA ផងដែរ។
ប្រទេសម៉ាឡេស៊ីគឺមានរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលរាជ្យបល្ល័ង្កជាតិត្រូវផ្លាស់ប្តូររាល់ប្រាំឆ្នាំម្តងរវាងអ្នកគ្រប់គ្រងរដ្ឋទាំង៩របស់ប្រទេសដែលដឹកនាំដោយព្រះមហាក្សត្រឥស្លាម។
ក្រុមមេដឹកនាំឥស្លាមនឹងជួបប្រជុំគ្នានៅវិមានជាតិក្នុងទីក្រុងគួឡាឡាំពួរនៅក្នុងការជួបជុំមួយដែលគេស្គាល់ថាជា “សន្និសីទនៃអ្នកគ្រប់គ្រង” ដើម្បីជ្រើសរើសព្រះមហាក្សត្រមួយអាណត្តិដែលមានរយៈពេល៥ឆ្នាំ។ នៅក្រោមប្រព័ន្ធប្តូរវេននេះ រដ្ឋ Pahang គឺជារដ្ឋបន្ទាប់ដែលនឹងត្រូវផ្តល់ឲ្យនូវតំណែងជាព្រះមហាក្សត្រ។
ស្តេចស៊ុលតង់ Abdullah ព្រះជន្ម៥៩វស្សាត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងថ្មីរបស់រដ្ឋនេះដោយជំនួសព្រះបិតារបស់ទ្រង់ប៉ុន្មានថ្ងៃបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ Muhammad ទី៥នៅក្នុងជំហានមួយដែលត្រូវបានគេចាត់ទុកថាជាការត្រួសត្រាយផ្លូវសម្រាប់ព្រះអង្គដើម្បីក្លាយជាព្រះមហាក្សត្រជាតិបន្ទាប់។
គួរបញ្ជាក់ថា ព្រះមហាក្សត្រថ្មីនឹងត្រូវស្បថឡើងគ្រងរាជ្យនៅថ្ងៃទី៣១ខែមករាក្នុងពិធីដ៏អធឹកអធមមួយ៕ AFP
Source: Kampuchea Thmey Daily
0 Comments