Ad Code

បទល្មើស​នេសាទ​គ្រប់​ប្រភេទ ​កំពុង​កើតមាន​ពេញបន្ទុក នៅ​ក្នុង​ស្រុក​សូទ្រនិគម សង្ស័យ​សមត្ថកិច្ច​សម្ងំ​ក្រាប​ពង​



សៀមរាប​ ៖ ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ នៅក្នុង​ឃុំ​កំពង់​ឃ្លាំង និង តំបន់​មួយចំនួនទៀត នៃ​ភូមិសាស្ត្រ​ស្រុក​សូទ្រនិគម ត្រូវបាន​គេ​មើលឃើញថា កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ មន្ត្រី​សមត្ថកិច្ច​ជំនាញ​ចុះទៅ​បង្ក្រាប​សោះឡើយ​។​ គេ​បាន​ដាក់​ការ​សង្ស័យ​ថា សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ខាងលើ​ ទំនងជា​ទទួល​សំណែន​ពី​ក្រុម​អ្នក​រកស៊ី​បទល្មើស​នេសាទ​ទាំង​នេះ​។​

បទល្មើស​នេសាទ​ទាំងនោះ​រួមមាន ​របាំង​លប​សាច់​អួន​ក្រឡា​ញឹក ​ប្រវែង​រាប់​រយ​ម៉ែត្រ ដោយ​ប្រើ​ឧបករណ៍​បរ​ និង​លប​រ៉ូយ៉ាល​, របាំង​សាច់​អួន​ក្រឡា​ញឹក​ព័ទ្ធ​ព្រៃ​ភ្ជិត​ចាប់​ត្រី ប្រវែង​រាប់រយ​ម៉ែត្រ ជាច្រើន​របាំង និង​មាន​សម្រាស់​រាប់រយ​ដុំ​ទៀត ដែល​ពួកគេ​កំពុង​ចាប់ផ្ដើម​សម្រុក​ចាប់​ត្រី​យ៉ាង​គគ្រឹក​គគ្រេង ទាំង​កណ្តាល​ថ្ងៃ ដោយ​មិន​ខ្លាចញញើត​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ឡើយ​។​

ជាងនេះទៅទៀត​ មាន​បទល្មើស​ធំៗ​មួយចំនួន​ដូចជា ​រុញ​ស៊ី​ប និង​អូស​យាំង​កាវ របស់​ជនជាតិ​វៀត​ណាម នៅ​តំបន់​ចុង​ឃ្នៀ​ស បាន​ឆ្មក់​មក​អូស​យ៉ាង​រំភើយ នៅ​តំបន់​កំពង់​ឃ្លាំង​។​

ប្រភពពី​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា ក្រុម​ល្មើស​នេសាទ​ប្រព្រឹត្តិ​ទៅបាន​យ៉ាង​រលូន​មិន​ខ្លាច​ការ​ចាប់ចង​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នេះ​ ដោយសារតែ​ពួកគេ​បាន​ត្រូវ​ដង ត្រូវ​ផ្លែ​គ្នា​អស់​ហើយ ដោយ​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង មាន​អ្នក​រត់ការ​ប្រមូល​លុយ​ពី​ក្រុម​ល្មើស ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​នេសាទ នៅ​តំបន់​នេះ​ មិន​ថា​រដូវប្រាំង​ ឬ​រដូវវស្សា មិន​ថា​រដូវ​បិT ​ឬ​រដូវ​បើក​នោះទេ ​គឺមាន​ជាប្រចាំ គ្រាន់តែ​តិច ​ឬ​ច្រើនតែ​ប៉ុណ្ណោះ​។ អ្នករកស៊ី​បទល្មើស​មិនមែន​ចេះតែ​ប្រថុយប្រថាន​បានទេ មុននឹង​ចាប់​ផ្តើមចេញ​ធ្វើ​សកម្មភាព ​ត្រូវ​ទៅ​ជួប​ជាមួយ​អ្នក​រត់ការ ជា​មុន​សិន ពីព្រោះ​ពួកគេ​ពូកែ​រត់ការ ​និង​ចេះ​ក្បាច់​គុn​ អាច​ការពារ​មិន​ឲ្យ​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​កាប់​បំផ្លាញ ​ឬ​ចាប់​ចង​បាន​។ ប៉ុន្តែ​ក៏​ត្រូវ​ជូន​លុយ​យ៉ាង​ក្រាស់ក្រែល​ទៅ​ឲ្យ​គាត់​ផង​ដែរ​ ទើប​គាត់​ការពារ​ឲ្យ​។​

លោក ​ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤​មករា នេះ​ថា បាន​ទទួល​ស្គាល់​ថា ​នៅក្នុង​ស្រុក ពិត​ជា​មាន​បទល្មើស​នេសាទ​កើតឡើង​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​មែន ហើយ​ភាគច្រើន​មកពី​តំបន់​ចុង​ឃ្នៀ​ស និង​មកពី​ស្រុក​ជីក្រែង​។ លោក​បន្តថា ចំណែក​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ មិនសូវមាន​អ្នករកស៊ី​បទល្មើស​នេសាទ​នោះ​ទេ​។​

លោក​បញ្ជាក់​ថា​ នៅក្នុង​អង្គប្រជុំ គណៈ​អភិបាល​ម្តងៗ​ លោក​តែងតែ​ក្រើនរំលឹក​ដល់​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ឲ្យ​មានការ​ថយ​ចុះ​។ ​បន្ថែម​ពី​នោះ​ លោក​ក៏​តែង​តែ​ឆ្មក់​ចុះបង្ក្រាប​ជាមួយ​កងកម្លាំង​ផងដែរ​។​

​ចំណែក​លោកនាយ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង មិនអាច​សុំ​ការពន្យល់​ពី​លោក​បានទេ នា​រសៀល​ថ្ងៃទី​២៤​មករា​នេះ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​នៅក្រៅ​តំបន់​សេវា​។​ ទាក់ទិន​នឹង​ករណី​នេះ​ដែរ​ លោក ​ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត​សៀមរាប ក៏​មិនអាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​លោក​បាន​ដែរ​ នា​រសៀល​ថ្ងៃ​ទី​២៤​មករា នេះ​។​

ទាក់ទិន​នឹង​ករណី​នេះដែរ​ មហាជន​សង្ឃឹមថា លោក​ ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​ទើប​និង​ឡើងកាន់តំណែង​ថ្មីថ្មោង អាច​មាន​វិធានការ​យ៉ាងណា បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​កំពង់​ឃ្លាំង ឲ្យ​មាន​ថយចុះ​ផង ព្រោះ​សមត្ថកិច្ច​ជំនាញ​មួយចំនួន​អាច​មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ទាំងនេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu