ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានលិខិតមួយពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំមុនកិច្ចប្រជុំកំពូលលើកទី២រវាងមេដឹកនាំទាំងពីរ។
ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា លោកគឹមកំពុងធ្វើការ “រៀបចំបច្ចេកទេសយ៉ាងល្អ” សម្រាប់កិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅខែក្រោយនេះ។
លិខិតនេះត្រូវបានប្រគល់ឲ្យលោកគីមដោយដៃស្ដាំរបស់គាត់គឺលោកអនុប្រធានគីមយ៉ុងជុល ដែលបានជួបលោកត្រាំនៅសេតវិមានកាលពីសប្តាហ៍មុនខណៈពេលដែលប្រទេសទាំងពីរកំពុងស្វែងរកកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរមួយដែលអាចបន្ធូរបន្ថយអរិភាពរយៈពេលជាច្រើនទសវត្ស។
KCNA បានរាយការណ៍ថា “លោកគីមបានថ្លែងទៅលោកប្រធានាធិបតីត្រាំចំពោះការសម្តែងការប្តេជ្ញាចិត្តមិនធម្មតានិងឆន្ទៈរបស់គាត់ក្នុងការដោះស្រាយបញ្ហានេះដោយយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិកជាលើកទីពីរ”។
ទីភ្នាក់ងារនេះបានបន្ថែមថា កូរ៉េខាងជើងនឹងជឿទុកចិត្តលើវិធីវិជ្ជមានក្នុងគំនិតរបស់លោកប្រធានាធិបតីត្រាំខណៈប្រទេសទាំងពីរបោះជំហានមួយជំហានម្តងៗឆ្ពោះទៅរកគោលដៅរបស់ពួកគេ។
កាលពីថ្ងៃសៅរ៍លោកត្រាំបានថ្លែងថា ទីតាំងសម្រាប់កិច្ចប្រជុំកំពូលនេះត្រូវបានសម្រេចរួចទៅហើយប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពរដ្ឋាភិបាលវៀតណាមបានប្រាប់ AFP ថា “ការរៀបចំខាងភស្តុភារ” កំពុងធ្វើឡើងដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលនេះដែលអាចនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីហាណូយឬទីក្រុងឆ្នេរសមុទ្រដាណាំង។
មេដឹកនាំទាំងពីរបានជួបគ្នាជាលើកដំបូងកាលពីខែមិថុនានៅក្នុងប្រទេសសិង្ហបុរីជាទីដែលពួកគេបានចុះហត្ថលេខាលើឯកសារមិនច្បាស់លាស់មួយដែលក្នុងនោះលោកគីមបានសន្យាថានឹងធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ៕ AFP
Source: Kampuchea Thmey Daily
0 Comments