ភ្នំពេញ ៖ ជនជាតិចិនជាង៥០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងប៉ូលិសរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនបញ្ជូនដាក់រថយន្តដឹកទៅក្រសួង ក្រោយពីបើកប្រតិបត្តិការរាប់ម៉ោងនៅរសៀលថ្ងៃព្រហស្បតិ៍នៅ ផ្ទះវិឡារមួយកន្លែង ពាក់ព័ន្ធការស្នាក់នៅដោយខុសច្បាប់ និងលួចបើកល្បែងតាមអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅក្នុងផ្ទះវិឡារមួយកន្លែង ស្ថិតទីតាំងលេខ១១A ផ្លូវ៥៦៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប៉ូលិសបានប្រាប់ថា ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតរួចមក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានដឹកនាំ កម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ក្រសួង និងក្រុង ភ្នំពេញចុះបង្ក្រាប និងឆែកឆេរទីតាំង ផ្ទះវិឡារខាងលើតែម្តង ដោយបានចាប់ខ្លួនជនជាតិចិន៥៤នាក់ក្នុងនោះមានស្រី១១នាក់។
មន្ត្រីប៉ូលិសដដែល បានអោយដឹងទៀតថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងលោក កែវ វណ្ណថន ជាអ្នកដឹកនាំកម្លាំងផ្ទាល់ ដោយសហការជាមួយកម្លាំងប៉ូលិសក្រុងភ្នំពេញ។
ក្រោយឃាត់ខ្លួនជនជាតិចិនចំនួន៥៤នាក់ ប៉ូលិសដកហូត បានវត្ថុតាងមួយចំនួន មានដូចជាទូរស័ព្ទដៃកុំព្យូទ័រជាច្រើនគ្រឿង និងលិខិតឆ្លងដែនជាច្រើនផងដែរ ក្រោយពីរកឃើញថា ពួកគេស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា និងលួចបើកល្បែងតាមអ៊ីនធឺណិត។ ប៉ូលិសនិយាយថា ពួកគេ នឹងត្រៀមបណ្តេញចេញទៅប្រទេសដើមវិញ បន្ទាប់ពីប៉ូលិសកសាងសំណុំរឿងរួចរាល់។
គួរបញ្ជាក់ថា បើយោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុញាត ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញតិ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននឹងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្នាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments