សៀមរាប ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូនៅសាលាវិទ្យាល័យអង្គរ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រីនួន ស័ក្កិចំរើនរិទ្ធ អធិការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី១៨នេះថា កាលពីម៉ោង១៣និង៤០នាទីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះឃុនចន្ទីភេទស្រី អាយុ៣៤ឆ្នាំបានដាក់ពាក្យបណ្តឹងប្តឹងម្ចាស់ការ៉ាសផ្ញើកង់ម៉ូតូក្នុងវិទ្យាល័យអង្គរ ដែលបានទទួលផ្ញើម៉ូតូ១គ្រឿងរបស់គាត់។ ម៉ូតូគាត់ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ស្លាកលេខមិនទាន់បំពាក់លេខតួ+លេខម៉ាស៊ីន៥៣៣៧៣៣៤ ហើយធ្វើឱ្យបាត់ម៉ូតូនៅក្នុងការ៉ាសនោះ។
លោកបន្តថា បន្ទាប់មកនៅថ្ងៃទី២ខែមករាឆ្នាំ២០១៩ ម្ចាស់ម៉ូតូឈ្មោះ ឃុន ចន្ទី ភេទស្រី និងឈ្មោះ ហ៊ុន ពុទ្ធីពិសិដ្ឋ ភេទប្រុសជាម្ចាស់ការ៉ាសផ្ញើកង់ម៉ូតូ បានព្រមព្រៀងទិញនិងទទួលយកម៉ូតូ១គ្រឿងជាសំណងថ្នូរនឹងបណ្តឹងទាមទារសំណងបាត់ម៉ូតូនោះ។ ឈ្មោះហ៊ុនពុទ្ធីពិសិដ្ឋក៏បានដាក់បណ្តឹងបន្តលើជនដែលមិនស្គាល់អត្តសញ្ញាណដែល បានលួចយកម៉ូតូរបស់ជនរងគ្រោះ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើកនិងកម្លាំងផ្នែកព្រហ្មទណ្ឌក្រុងដឹកនាំដោយលោកវរសេនីយ៍ឯកទេពចាន់ណាអធិការនគរបាលក្រុងសៀមរាបដោយមានការចូលរួមពីម្ចាស់ការ៉ាសផ្ញើកង់ម៉ូតូផងដែរ បានបើកការស្រាវជ្រាវរហូតឈានដល់ដាក់ការសង្ស័យលើ ជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប និងនាំខ្លួនមកធ្វើការសាកសួរ ។
លោកបន្តថា បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យបានហើយនៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក បាននាំជនសង្ស័យឈ្មោះ ស៊ុន សារី ហៅង៉ែត ភេទប្រុសអាយុ១៧ឆ្នាំជាសិស្សនៃវិទ្យាល័យអង្គរមកធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែនដោយសកម្មភាពនោះគឺខ្លួនគេបានប្រព្រឹត្តតែម្នាក់ឯង មិនមានបក្ខពួកផ្សេងទៀតទេ។
វត្ថុតាងដកហូតបានរួមម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ យោងតាមពាក្យបណ្ដឹងនិងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments