ភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែមករានេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសង្កាត់ព្រែកថ្មីក្នុងវេទិកាសាធារណ។
ពិធីនេះក៏មានការចូលរួមពីលោកនាយករដ្ឋបាលសាលាខណ្ឌលោកប្រធានការិយាល័យភូមិបាលខណ្ឌលោកចៅសង្កាត់ព្រែកថ្មីនិងមានប្រជាពលរដ្ឋចូលរួមចំនួន៨១៦នាក់។
លោកចេង មុនីរ៉ា បានមានប្រសាសន៍ក្នុងវេទិកាសាធារណៈនាពេលនេះ គឺលោកមានបំណងផ្សព្វផ្សាយនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យលោកអញ្ជើញទៅទទួលសេវាឯកសារផ្សេងៗក្នុងការិយាល័យច្រកចេញចូលតែមួយដែលស្ថិតក្នុងបរិវេណសាលាខណ្ឌច្បារអំពៅ។
លោកអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យដឹងទៀតថា វេទិកាសាធារណៈគឺមានសារសំខាន់ណាស់ ពិសេសគណៈអភិបាលខណ្ឌចង់បានសំណូមពរពីបងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តន៍នូវគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចមានព័ត៌មានជាក់លាក់ក្នុងការបង្ក្រាបជនខិលខូចកុំឲ្យមកបង្កអសន្តិសុខដល់មូលដ្ឋានរបស់យើង។
លោកអភិបាលខណ្ឌក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋ ពីកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំព្រោះពុំអាចគេចវេសបានឡើយហើយបើពុំបានបង់ពន្ធតាមកាលកំណត់គឺអ្នកជាប់កាតព្វកិច្ចអាចត្រូវបង់ប្រាក់ផាកពិន័យហើយក៏ពុំមានអ្នកណាម្នាក់អាចគេចផុតពីការបង់ពន្ធនេះឡើយ។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌក៏បានណែនាំដល់ប្រជាពលរដ្ឋដែលចង់បំពេញឯកសារផ្សេងៗត្រូវអញ្ជើញទៅធ្វើនិងទទួលនៅការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌច្បារអំពៅ ដែលឯកសារខ្លះមិនត្រូវបង់ប្រាក់ និង លឿនទាន់ចិត្តទៀតផង៕
Source: Kampuchea Thmey Daily
0 Comments