ភ្នំពេញ ៖ រដ្ឋមន្ត្រីធនធានធម្មជាតិរុស្ស៊ី លោក ឌីមីតទ្រី កូប៊ីលគីន (Mr. Dmitry Kobylkin) នឹងមកចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចប្រជុំមួយចំនួនទៀត ដូចជា សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសជាដើម ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា រយៈពេល២ថ្ងៃ កម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ឌីមីតទ្រី កូប៊ីលគីន (Mr. Dmitry Kobylkin) រដ្ឋមន្ត្រីធនធានធម្មជាតិ និងបរិស្ថាននៃសហព័ន្ធរុស្ស៊ី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមកិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី នឹងពិនិត្យពិភាក្សាការវិវឌ្ឍដែលសម្រេចបានពីសម័យប្រជុំលើកទី១០ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ព្រមទាំងកំណត់មាគ៌ាថ្មីសម្រាប់សកម្មភាពជាក់លាក់ ដើម្បីលើកកំពស់ភាពជាដៃគូ និងការប្រើប្រាស់សក្តានុពលសម្រាប់វិស័យកិច្ចសហប្រតិបត្តិការថ្មីៗ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោក Dmitry Kobylkin នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជួបប្រជុំទ្វេភាគីជាមួយ លោកសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments