ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ឃាត់រថយន្ត ធុនធំ ធ្វើចរាចរណ៍ ចេញចូលក្នុង រាជធានី ភ្នំពេញខុសពេលវេលាកំណត់ បានចំនួន១៥៤គ្រឿង ក្នុងកំឡុងពេលអនុវត្តច្បាប់ ចរាចរណ៍ ចំនួន១៥ថ្ងៃ គិតចាប់ពី ថ្ងៃទី៩ ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ការអនុវត្តច្បាប់ចរាចរធ្វើឡើង ដោយកម្លាំងជំនាញរបស់លោក បានដាក់ពង្រាយចំនួន៣គោលដៅធំៗ គឺស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងខណ្ឌសែនសុខ, ផ្លូវលេខ៥៩៨ និងផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ។ ការអនុវត្តច្បាប់ចរាចរណ៍ ចាប់ពី ថ្ងៃទី៩មករា ដល់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ កម្លាំង សមត្ថកិច្ចបានឃាត់ រថយន្តធុនធំ ល្មើសច្បាប់ ចូលក្នុង រាជធានីភ្នំពេញ ខុសពេលវេលា បានចំនួន១៥៤គ្រឿង និង បន្តអនុវត្តបន្ថែមទៀត ចំពោះអ្នកបើកបរ ដែលមិនរាងចាល ល្មើសនឹងច្បាប់ ចរាចរណ៍ដែល បណ្តាលឲ្យមានការកកស្ទះ និង បង្ក ជា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។
លោកបានសំណូមពរ ឲ្យ អ្នកបើកបររថយន្ត ធំៗ ទាំងអស់ គោរពច្បាប់ចរាចរណ៍ ពោលគឺ រថយន្ត ត្រូវមាន ឆៀក ត្រួតពិនិត្យ រថយន្ត តាមលក្ខណៈ បច្ចេកទេស របស់ ក្រសួង សាធារណការ និង ដឹកជញ្ជូន អ្នកបើកបរ ត្រូវមាន ប័ណ្ណបើកបរ ព្រមទាំង មានលិខិតអនុញ្ញាត ចេញចូលក្នុងរាជធានី ទើប កម្លាំងសមត្ថកិច្ច មិនឃាត់ ដើម្បីធ្វើការពិន័យ។ មួយវិញទៀត រាល់ យានយន្ត ដែលធ្វើចរាចរណ៍លើដងផ្លូវ ត្រូវមានស្លាកលេខសម្គាល់ បើមិនដូច្នោះទេ សមត្ថកិច្ច នឹងធ្វើការឃាត់ទុកជា បណ្ដោះអាសន្ន រង់ចាំយកឯកសារគ្រប់គ្រាន់ទើបធ្វើការដោះលែងវិញ។
លោកនាយការិយាល័យ បន្ថែមថា ចំពោះរថយន្តធុនធំ ប្រភេទយីឌុប និង កុងតឺន័រ គឺ មិនអនុញ្ញាត ឲ្យធ្វើចរាចរណ៍ដាច់ខាតនៅក្នុងខណ្ឌ ចំនួន៤ គឺ ខណ្ឌទួលគោក ខណ្ឌដូនពេញ ខណ្ឌ៧ មករា និង ខណ្ឌចំការមន។
លោក សែម គន្ធា បន្តឲ្យដឹងថា សមត្ថកិច្ច និង រឹតបន្តឹងបន្ថែមទៀត ចំពោះរថយន្តធុនធំទាំងអស់ គឺមិនអនុញ្ញាត ឲ្យចរាចរណ៍ ចេញចូលក្នុង រាជធានីភ្នំពេញ ចាប់ពី ម៉ោង៦ព្រឹក ដល់ ម៉ោង៩ យប់ឡើយ៕
Source: Kampuchea Thmey Daily
0 Comments