Ad Code

ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បើករថយន្ត​បុក​ខឿន​ផ្លូវ​ក្រោម​ស្ពាន​អាកាស​៧​មករា



យោង​តាម​ការ​បញ្ជាក់​របស់​វិ​ប​សាយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​លើក​ឡើង​ថា​កីឡាករ​បាល់ទាត់ ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បើករថយន្ត​របស់​ខ្លួន​បុក​នឹង​ខឿន​ច្រមុះជ្រូក​ក្រោម​ស្ពាន​អាកាស​៧​មករា ក្នុង​រាជធានី​ភ្នំពេញ នៅ​យប់​ឆ្លង​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៩ ថ្មីៗ​នេះ ខណៈ​សាមីខ្លួន​និង​អ្នករួមដំណើរ​មក​មាន​គ្រោះថ្នាក់​អ្វី​ជា​បញ្ហា​ចោទ​នោះទេ​។



​ប្រភព​បាន​បន្ត​ថា ​កីឡាករ ចាន់ វឌ្ឍនាកា បានរួម​ជាមួយ​នារី​ស្រស់​សោភា​ម្នាក់ បាន​បើករថយន្ត​សេរី​ទំនើប Lexus Nx200t បុក​ខឿន​ច្រមុះជ្រូក​ក្រោម​ស្ពាន​អាកាស​៧​មករា បណ្តាល​ឲ្យ​ខូច ហើយ​ព្យាយាម​បើករថយន្ត គេច​ជិត​ដល់​មុខ​ពេទ្យ​លោកសង្ឃ ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ចាប់បាន​។ ករណីនេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈា​នចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ខាងក្រោម​ស្ពាន​អាកាស​៧ មករា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។



ប្រភព​បាន​ស្រង់​សម្តី​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​ថា​ រថយន្ត​បង្ក​ម៉ាក Lexus Nx200t ស្លាក​លេខ ភ្នំពេញ 2AX-7011 បើក​តាម​បណ្តោយ​មហាវិថី សហ​ពន្ធ​រុស្ស៊ី ខណៈ​មកដល់​ខាងក្រោម​ស្ពាន ៧​មករា ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង បាន​ជ្រុល​ទៅបុក​ខឿន​ច្រមុះជ្រូក បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត ហើយ​ព្យាយាម​បើក​រត់​មក​ជិត​ដល់​មន្ទីរពេទ្យ​លោកសង្ឃ ទើប​សមត្ថកិច្ច​ឃាត់​បាន​។ លុះ​ពេល​ចុះ​ពី​រថយន្ត​ទើប​ដឹង​ថា ជា​កីឡាករ​ដ៏​ល្បី​របស់​កម្ពុជា មួយ​រូប ចាន់ វ​ឌ្ឃ​នា​កា រួមជាមួយ​នារី​ដ៏​ស្រស់ សោភា​ម្នាក់ទៀត​ផង​ដែរ ហើយ​ពួកគាត់​ទាំងពីរ​ពុំ​មាន​រងរបួស​នោះទេ។ ក្រោយ​កើតហេតុ ពួកគេ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ បន្សល់ទុក​តែ​រថយន្ត​ប៉ុណ្ណោះ​។ ចំណែក​រថយន្ត​ត្រូវបាន​ប្រគល់​ឲ្យ​នគរបាល​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ក្រុងភ្នំពេញ ស្ទូច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​ទៅ​ដោះស្រាយ​។



សូម​បញ្ជាក់​ថា​ កីឡាករ ចាន់ វឌ្ឍនាកា ជា​អតីត​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង (​ព្រះខ័ន​រាជ​) ដែល​ចាប់​អាជីព​ដំបូង​កាលពី​ឆ្នាំ​២០១១ នៅក្នុង​ឈុត​ធំ​ក្រុម​នេះ ស្រប​ពេល​នៅ​ឆ្នាំ២០១២ រូបគេ​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បឹងកេត រហូតដល់​ចុងឆ្នាំ​២០១៦ មុន​ចេញទៅ​ជប៉ុន ដោយ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣ (J3-league) នៅ​ឆ្នាំ​២០១៧​។ នៅ​ដើមឆ្នាំ​២០១៨ ក្រោយ​ចប់​កិច្ចសន្យា​នៅ​ប្រទេស​ជប៉ុន ចាន់ វឌ្ឍនាកា បាន​បន្តដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ Pahang FA តែ​ពាក់កណ្តាល​រដូវ​កាល​បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្រុម​បឹងកេត របស់​កម្ពុជា វិញ​ម្តង​។



រូបគេ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ឯកជន​ជាច្រើន​ទៀត​ដូចជា​ពានរង្វាន់​កីឡាករ​វ័យក្មេង​ឆ្នើម​ប្រចាំឆ្នាំ២០១២ ដែល​ផ្ដល់​ដោយ​គណៈ​កម្ម​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ឆ្នាំ​២០១៣ ឈ្នះ​ស្បែកជើង​មាស ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំ​២០១៤ ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៥ រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​និង​ស្បែកជើង​មាស​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship 2015​។ នៅ​ឆ្នាំ​២០១៦ រូបគេ​រក្សា​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ជា​ម្ចាស់​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​បាន​ដដែល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu